ព័ត៌មានអន្តរជាតិ

​ អ៊ុយក្រែន​ ដាក់ពង្រាយអ្នកជំនាញជាង ២០០នាក់ទៅកាន់តំបប់មជ្ឈិមបូព៌ា​

ឡុងដ៍៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានឧ្យដឹងនៅទីក្រុងឡុងដ៍ថា ទីក្រុងគៀវបានដាក់ពង្រាយអ្នកជំនាញយោធាប្រឆាំងយន្តហោះគ្មានមនុស្សបើកចំនួន ២០១នាក់ទៅកាន់មជ្ឈិមបូព៌ា ដើម្បីជួយទប់ទល់នឹងយន្តហោះគ្មានមនុស្សបើក Shahed​ របស់អ៊ីរ៉ង់។

លោក ហ្សេឡិនស្គី បានប្រាប់សមាជិកសភាអង់គ្លេសថា “ទាំងនេះគឺជាអ្នកជំនាញយោធាដែលដឹងពីរបៀបជួយ និងការពារប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក Shahed។ ក្រុមរបស់យើងមានរួចហើយនៅអារ៉ាប់រួម កាតា អារ៉ាប៊ីសាអូឌីត ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសគុយវ៉ែត”។

លោកបានបន្ថែមថា អ្នកឯកទេសបន្ថែមចំនួន ៣៤នាក់ទៀតបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដាក់ពង្រាយ​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ហ្សេឡិនស្គី​ ក៏បានកត់សម្គាល់ផងដែរថា បច្ចុប្បន្នអ៊ុយក្រែន​ មានសមត្ថភាពផលិតយន្តហោះគ្មានមនុស្សបើកស្ទាក់ចាប់ប្រហែល ២០០០គ្រឿងក្នុងមួយថ្ងៃ ហើយអាចផ្គត់ផ្គង់រហូតដល់ពាក់កណ្តាលនៃទិន្នផលនោះដល់សម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីជួយពង្រឹងការការពារដែនអាកាសរបស់ពួកគេ។

លើសពីនេះ លោកបានលេីកឡេីងថា ទីក្រុងគៀវកំពុងអភិវឌ្ឍយន្តហោះគ្មានមនុស្សបើកក្រោមទឹក ក៏ដូចជាយន្តហោះគ្មានមនុស្សបើក​ដែលមានសមត្ថភាពប្រតិបត្តិការនៅក្នុងបរិស្ថានមហាសមុទ្រ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top