បារាំង អំពាវនាវឱ្យបញ្ចប់ការវាយឆ្មក់ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅមជ្ឈិមបូព៌ា
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យបញ្ចប់ការវាយប្រហារយោធាជាបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសកន្លែងផ្គត់ផ្គង់ថាមពល និងទឹក នៅក្នុងសង្គ្រាមអ៊ីរ៉ង់បច្ចុប្បន្ន។
នៅក្នុងសារមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ម៉ាក្រុង បានឧ្យដឹងថា លោកបាននិយាយជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និង Emir នៃប្រទេសកាតា Sheikh Tamim bin Hamad Al Thani បន្ទាប់ពីការវាយប្រហារ ដែលបានវាយប្រហារកន្លែង ផលិតឧស្ម័ននៅក្នុងប្រទេសអ៊ីរ៉ង់ និងកាតា ដោយកត់សម្គាល់ថា វាជាផលប្រយោជន៍រួម ក្នុងការអនុវត្តដោយមិនបង្អង់យូរនូវការផ្អាកការ វាយប្រហារបែបនេះ។
លោកបានសង្កត់ធ្ងន់ថា ប្រជាជនស៊ីវិល និងតម្រូវការចាំបាច់របស់ពួកគេ ក៏ដូចជាសន្តិសុខនៃការផ្គត់ផ្គង់ថាមពល ត្រូវតែការពារពីការកើនឡើងនៃយោធា។
ក្រសួងមហាផ្ទៃកាតា និងក្រុមហ៊ុន QatarEnergy ដែលគ្រប់គ្រងដោយរដ្ឋ បានឧ្យដឹងថា ទីក្រុងឧស្សាហកម្ម Ras Laffan ត្រូវបានវាយប្រហារដោយមីស៊ីល ដោយរងការខូចខាត និងអគ្គីភ័យយ៉ាងទូលំទូលាយ។
មុននេះបន្តិច កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហាររោងចក្រឧស្ម័នធម្មជាតិដ៏សំខាន់របស់អ៊ីរ៉ង់ ដែលមានទីតាំងនៅ Bushehr ភាគខាងត្បូងនៃប្រទេស។ ទូរទស្សន៍រដ្ឋអ៊ីស្រាអែល Kan TV News បានរាយការណ៍ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយមានការសម្របសម្រួលជាមួយរដ្ឋបាលសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
