លោក សុខ ចិន្តាសោភា ៖ ក្រសួងធនធានទឹកត្រូវអភិរក្ស និងអភិវឌ្ឍន៍ធនធានទឹក ឱ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ត្រូវខិតខំរួមសហការគ្នា អភិរក្ស និងអភិវឌ្ឍន៍ធនធានទឹកឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់បំពេញតម្រូវប្រជាពលរដ្ឋ ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក សុខ ចិន្តាសោភា តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបានដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការជំរុញកម្ពុជា ឱ្យក្លាយជាប្រទេស ដែលមានសន្តិសុខទឹកទាំងបរិមាណ និងគុណភាព។

លោកឧបនាយករដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនសម្រាប់ក្រសួង , គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដើម្បីតម្រង់ទិសក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានទឹកឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាពសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត។

លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួង ធនធានបានលើកឡើងថា ក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក៏ដូចជាអាជ្ញាធរទន្លេសាប បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មនូវអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺ«មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ។ ការអនុវត្តនេះ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយបានកំណត់សកម្មភាពជាអាទិភាព សូចនាករ ពេលវេលាច្បាស់លាស់ សម្រាប់អនុវត្ត និងយន្តការសម្រាប់ត្រួតពិនិត្យនិង វាយតម្លៃដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បីទទួលបានជោគជ័យក្នុងការគ្រប់គ្រងអាងទន្លេ និងធនធានទឹកចម្រុះ ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក និងឧតុនិយម ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងនិរន្តរភាព៕

