ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ ព្រមានជប៉ុន​ ប្រឆាំងនឹងការធ្វើយោធាឡើងវិញ និងជំរុញឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាពនិយម

មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា​ ជប៉ុនគួរតែទាញយកមេរៀនពីប្រវត្តិសាស្ត្រ និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិសន្តិភាពនិយមនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ប្រសិនបើខ្លួនមិនចង់ធ្វើកំហុសអតីតកាលម្តងទៀតទេ នោះ​។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Zakharova បានឧ្យដឹងថា ជប៉ុនបានអនុវត្តជំហានជាបន្តបន្ទាប់ឆ្ពោះទៅរកការធ្វើយោធាឡើងវិញ រួមទាំងការទិញអាវុធវាយប្រហារដូចជាមីស៊ីលផ្លោង ដែលមិនអាចចាត់ថ្នាក់ជាអាវុធការពារបាន។

លោកស្រីបានលេីកឡេីងថា រុស្ស៊ីបានព្រមានជប៉ុនម្តងហើយម្តងទៀតអំពីផលវិបាកបំផ្លិចបំផ្លាញនៃការកើនឡើងយ៉ាងខ្លាំងនៃការចំណាយយោធា ជាពិសេសនៅពេលដែលវាពាក់ព័ន្ធនឹងការទិញអាវុធ​ ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសជិតខាង រួមទាំងរុស្ស៊ីផងដែរ។

យោងតាមលោកស្រី Zakharova គោលនយោបាយរបស់ជប៉ុន​ មានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅលើស្ថិរភាពទាំងក្នុងតំបន់ និងសកលលោក ដែលធ្វើឱ្យភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​ កាន់តែធ្ងន់ធ្ងរឡើង និងអាចបង្កឱ្យមានការប្រណាំងប្រជែងសព្វាវុធជុំថ្មី។

លោកស្រីបានកត់សម្គាល់ថា ប្រសិនបើការគំរាមកំហែងមីស៊ីលថ្មីដល់ទឹកដីរុស្ស៊ីកើតឡើង រុស្ស៊ី​ នឹងឆ្លើយតប ហេីយចាត់វិធានការចាំបាច់​ ដើម្បីធានាសមត្ថភាពការពារជាតិរបស់ខ្លួន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top