ព័ត៌មានជាតិ

អភិបាលខេត្តកំពត ណែនាំឱ្យទប់ស្កាត់ការវិលត្រឡប់ នៃការឆបោកតាមអនឡាញ

កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរ មន្ទីរ-អង្គភាពជំនាញ កងកម្លាំង ឱ្យចូលរួមពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្លាប់សង្គម ពិសេសរួមគ្នាទប់ស្កាត់ការវិលត្រឡប់មកវិញនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណងដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកលេងខេត្តកំពតកាន់តែច្រើន ជួយលើកកម្ពស់ដល់សេដ្ឋកិច្ចខេត្ត និងប្រជាជន។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ មន្ត្រីជំនាញពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ច ទាំងផ្នែកទឹក និងគោក ត្រូវសហការរួមគ្នាបន្តទប់ស្កាត់ កុំឱ្យមានលំហូរទំនិញហាមឃាត់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកគោក ឬច្រកទឹកក្នុងភូមិសាស្ត្រខេត្តកំពតជាដាច់ខាត ព្រោះវាជាការប្រមាថ មួយដល់ក្រុមគ្រួសារ និងវីរកងទ័ពពលី ដែលបានបូជាជីវិតដើម្បីការពារសន្តិភាព និងបូរណភាពទឹកដី។

ជាមួយគ្នានេះដែរ លោក អភិបាលខេត្ត ក៏បានណែនាំឱ្យរួមគ្នា ទប់ស្កាត់ការវិលត្រឡប់មកវិញ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ការសម្អាតអនាម័យបរិស្ថាន សម្អាតតំបន់ឆ្នេរ និងហាមឃាត់រាល់សកម្មភាព រំលោភបំពានយកដីដៃព្រែក និងរក្សាការពារដីរដ្ឋឱ្យបានល្អប្រសើរ។

បើតាមការបញ្ជាក់របស់ លោក អភិបាលខេត្ត ថា ការរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបង្កើតសមិទ្ធផលទេសចរណ៍ ការរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបានល្អប្រសើរ មិនត្រឹមតែជួយលើកកម្ពស់ ដល់សេដ្ឋកិច្ចប្រជាជន និងខេត្តប៉ុណ្ណោះទេ តែវាបានបង្ហាញនូវតម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកផងដែរ ៕

To Top