ការវាយប្រហារ លើរោងចក្រថាមពល ដែលភ្ជាប់ជាមួយវាលឧស្ម័ន South Pars បង្កការគំរាមកំហែងដល់សន្តិសុខថាមពលសកល
អាប៊ូដាប៊ី៖ អារ៉ាប់រួម (UAE) បានព្រមានថា ការកំណត់គោលដៅរោងចក្រ ថាមពលដែលភ្ជាប់ជាមួយវាលឧស្ម័ន South Pars របស់អ៊ីរ៉ង់ បង្កការគំរាមកំហែង ដល់សន្តិសុខថាមពលសកល ក៏ដូចជាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអារ៉ាប់រួមបានឧ្យដឹងថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលដែលភ្ជាប់ជាមួយវាលប្រេង South Pars ក្នុងប្រទេសអ៊ីរ៉ង់ ដែលលាតសន្ធឹងទៅភាគខាងជើងដល់ទឹកដីកាតា តំណាងឱ្យការកើនឡើងដ៏គ្រោះថ្នាក់។
ក្រសួងបានសង្កត់ធ្ងន់ថា ការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធវិស័យថាមពល គឺជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខថាមពលសកល និងចំពោះសន្តិសុខ និងស្ថិរភាពនៃតំបន់ និងប្រជាជនរបស់ខ្លួន។
វាបានបន្ថែមថា សកម្មភាពបែបនេះក៏អាចមានផលវិបាកបរិស្ថានធ្ងន់ធ្ងរ និងធ្វើឱ្យជនស៊ីវិល ផ្លូវរុករក ក៏ដូចជាកន្លែងឧស្សាហកម្ម និងទីក្រុងសំខាន់ៗប្រឈមនឹងហានិភ័យដោយផ្ទាល់។
ក្រសួងបានគូសបញ្ជាក់ពីតម្រូវការក្នុងការជៀសវាងការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ដោយបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងការការពារសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា
