បារាំង បង្ហាញនាវាផ្ទុកយន្តហោះដើរ ដោយថាមពល នុយក្លេអ៊ែរប្រភេទថ្មី ដែលមានតម្លៃជាង ១១ពាន់លានដុល្លារ
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញឈ្មោះនាវាផ្ទុកយន្តហោះនាពេលអនាគតរបស់បារាំង ដែលមានឈ្មោះថា “Free France” ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Nantes ភាគខាងលិច ជាកន្លែងដែលសមាសធាតុសំខាន់ៗនៃនាវានឹងត្រូវបានផលិត។
លោក ម៉ាក្រុង បានពិពណ៌នាអំពីនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរថា មិនអាចខ្វះបាន ចំពោះការទប់ស្កាត់នុយក្លេអ៊ែររបស់បារាំង។ លោកបានលេីកឡេីងថា នាវាថ្មីនេះ នឹងធានា “ឯករាជ្យភាពរបស់ប្រទេសសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខ” ដោយសង្កត់ធ្ងន់ថា បើគ្មានឧស្សាហកម្មការពារជាតិដ៏រឹងមាំទេ បារាំងនឹងប្រឈមមុខនឹង “ការពឹងផ្អែកខាងយោធា ការដាក់ជាចំណុះជាយុទ្ធសាស្ត្រ និងការចុះចូលផ្នែកសេដ្ឋកិច្ច”។
លោកបានកត់សម្គាល់ថា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរថ្មី ដែលគ្រោងនឹងចូលបម្រើការងារនៅឆ្នាំ២០៣៨ នឹងមានតម្លៃជិត ១០ពាន់លានអឺរ៉ូ (១១,៥ពាន់លានដុល្លារអាមេរិក) ដោយបន្ថែមថា គម្រោងនេះនឹងបង្កើតការងារ ផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនក្នុងស្រុក និងគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់ប្រទេស។
នាវាផ្ទុកយន្តហោះនាពេលអនាគតនេះ មានបំណងជំនួសនាវាផ្ទុកយន្តហោះ Charles de Gaulle ដែលដំណើរការដោយថាមពលនុយក្លេអ៊ែរ ដែលត្រូវបានដាក់ឈ្មោះតាមប្រធានាធិបតី និងឧត្តមសេនីយ៍បារាំង Charles de Gaulle ហើយត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០០១។
យោងតាមប៉ុស្តិ៍ទូរទស្សន៍បារាំង BFM TV នាវាថ្មីនេះនឹងមានទម្ងន់ប្រហែល ៧៧.០០០ តោន បើប្រៀបធៀបទៅនឹងនាវា Charles de Gaulle ដែលមានទម្ងន់ប្រហែល ៤២.០០០ តោន៕
ប្រែសម្រួល ឈូក បូរ៉ា
