អភិបាលរងរាជធានី ៖ បើម្ចាស់ទីតាំង មិនពង្រឹងការគ្រប់គ្រង ជនបរទេសស្នាក់នៅ នឹងទទួលទោស-ផាកពិន័យធ្ងន់ធ្ងរ
ភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងសង្កត់ធ្ងន់ ទៅដល់ម្ចាស់ទីតាំងជួលនានាថា បើព្រងើយកន្តើយ មិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេស ដែលមកជួលស្នាក់នៅទេ នឹងទទួលទោសទណ្ឌនិងផាកពិន័យ ក្នុងកម្រិតមួយយ៉ាងធ្ងន់ធ្ងរ ។

ក្នុងពិធីផ្សព្វផ្សាយ ស្តីពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារ សហកម្មសិទ្ធិ និងលំនៅស្នាក់នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា គ្រប់ម្ចាស់ទីតាំងដែលត្រូវជួលឱ្យបរទេសស្នាក់នៅត្រូវតែពង្រឹងលើការគ្រប់គ្រង ដើម្បីសន្តិសុខនិងសុវត្ថិភាពសង្គម ។

លោកបន្តថា ការស្នាក់នៅរបស់ជនបរទេសទាំងអស់ ត្រូវមានលិខិតស្នាមបញ្ជាក់ឱ្យបានត្រឹម ។ ចំពោះអ្នកណាម្នាក់ត្រូវជាសាច់ញាតិ ដែលចង់មកលេងក៏ត្រូវទាមទារលិខិត ឱ្យបានច្បាស់លាស់ផងដែរ ។

អភិបាលរងបញ្ជាក់ថា ធ្វើយ៉ាងណាត្រូវតែអនុវត្តតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់បំផុត ។
លោក ហ៊ុន សុរិទ្ធី បន្ថែមថា ប្រសិនបើមានការធ្វេសប្រហែស លើការគ្រប់គ្រងជនបរទេសបង្កឱ្យមានបញ្ហា នឹងត្រូវទទួលទោសទណ្ឌ និងផាកពិន័យ ក្នុងកម្រិតធ្ងន់ធ្ងរ ព្រោះបើឈានដល់ដំណាក់កាលនេះហើយ មិនមែនត្រូវអប់រំណែនាំទៀតទេ ត្រូវតែប្រឈមនឹងមុខច្បាប់ហើយ ។

លោកបញ្ជាក់ថា “អ្វីដែលយើងអនុវត្តនេះ មិនមែនសំដៅដាក់គំនាប គាបសង្កត់ទៅលើម្ចាស់ទីតាំង ឬមួយក៏ម្ចាស់អ្វីផ្សេងទេ ។ យើងធ្វើនេះ ក្នុងន័យថា ធ្វើយ៉ាងណាធានាបានថា ទីតាំងរបស់បងប្អូនទាំងអស់គ្នាមិនមានបទល្មើសលួចលាក់នៅក្នុងហ្នឹង” ។
ជាមួយគ្នានេះ អភិបាលរង គូសបញ្ជាក់ថា ការឱ្យម្ចាស់ទីតាំងរាយការណ៍អំពីជនបរទេសស្នាក់នេះ ក្នុងគោលបំណងបញ្ចៀស ធ្វើយ៉ាងណាកុំឱ្យពួកគាត់ទទួលរងទុក្ខទោស និងផាកពិន័យ ។

សូមបញ្ជាក់ថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បានឱ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់ របស់ជនបរទេសទេ នឹងត្រូវផាកពិន័យចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែស។ សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេស ដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅ ក្នុងទីតាំងស្ថិត នៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ៕

