ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ទារសំណង ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយ​ចោទថា បានអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើទឹកដីខ្លួនវាយប្រហារ ទៅលើទឹកដីអ៊ីរ៉ង់

បរទេស៖ យោងតាមរបាយការណ៍របស់ Nournews ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងលិខិតមួយថា អ៊ីរ៉ង់ស្វែងរកសំណង ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយចោទប្រកាន់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានអនុញ្ញាតឱ្យសហរដ្ឋអាមេរិក វាយប្រហារទៅលើទឹកដីអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា នៅក្នុងលិខិតនោះ លោក Amir Saeid Iravani បាននិយាយថា ការសម្រេចចិត្តរបស់ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងការអនុញ្ញាតឱ្យទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារទាំងនោះ គឺជា “ទង្វើខុសច្បាប់អន្តរជាតិ ដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋ”។

ទីក្រុងតេហេរ៉ង់បាននិយាយថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម មានការទទួលខុស ត្រូវអន្តរជាតិក្នុងការផ្តល់សំណង រួមទាំងសំណងសម្រាប់ការ ខូចខាតខាងសម្ភារៈ និងសីលធម៌ទាំងអស់ដែលបានកើតឡើង ។

មុនពេលធ្វើឃាតលោក ប្រធានសន្តិសុខ អ៊ីរ៉ង់ លោក Ali Larijani បានចេញផ្សាយសារជាភាសាអារ៉ាប់ ទៅកាន់ប្រជាជនមូស្លីមទូទាំងពិភពលោក នៅរសៀលថ្ងៃចន្ទតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយព្រមានប្រទេសអ៊ីស្លាមនៅក្នុងតំបន់ ចំពោះការខ្វះការគាំទ្រចំពោះរបបអ៊ីរ៉ង់ ក្នុងអំឡុងពេលសង្គ្រាមបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
ប្រែសម្រួលៈ ណៃ តុលា

To Top