តម្លៃប្រេង និងឧស្ម័នធម្មជាតិហក់ឡើងខ្ពស់ ខណៈអ៊ីរ៉ង់ វាយប្រហាររោងចក្រថាមពល នៅក្នុងប្រទេសកាតា , ប្រេងឆៅប្រភេទ Brent ឡើងដល់ជិត ១១៤ ដុល្លារ
បរទេស៖ តម្លៃប្រេង និងឧស្ម័នធម្មជាតិសកល បានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារ រោងចក្រឧស្ម័នធម្មជាតិដ៏សំខាន់មួយនៅក្នុងប្រទេសកាតា ដែលអាចផ្គត់ផ្គង់ ឧស្ម័នមួយភាគប្រាំនៃពិភពលោក ក៏ដូចជារោងចក្រចម្រាញ់ប្រេងពីរនៅក្នុងប្រទេសគុយវ៉ែត។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា ការវាយប្រហារនេះបានបន្ថែមការភ័យខ្លាចថា វិបត្តិថាមពលដែលបង្កឡើង ដោយការបិទច្រកសមុទ្រ Hormuz ចំពោះចរាចរណ៍កប៉ាល់ដឹកប្រេងអាច មានរយៈពេលយូរ និងទូលំទូលាយជាងការភ័យខ្លាច ដោយការខូចខាតយូរអង្វែងដល់ការផលិតប្រេង និងឧស្ម័ន។
ប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារអន្តរជាតិ បានកើនឡើងដល់ 116.38 ដុល្លារក្នុងមួយបារ៉ែល កើនឡើងពីក្រោម 73 ដុល្លារក្នុងមួយបារ៉ែលនៅមុនថ្ងៃសង្គ្រាម។ ចំណែក TTF របស់អឺរ៉ុបសម្រាប់តម្លៃឧស្ម័នធម្មជាតិបានជួញដូរខ្ពស់ជាង 24% នៅថ្ងៃព្រហស្បតិ៍។
ការវាយប្រហាររបស់អ៊ីរ៉ង់ គឺបានវាយប្រហារស្ថានីយ Ras Laffan សម្រាប់ដឹកជញ្ជូនឧស្ម័នធម្មជាតិរាវនៅក្នុងប្រទេសកាតា។ ជាធម្មតាកាតាផ្គត់ផ្គង់ប្រហែល 20% នៃការប្រើប្រាស់ឧស្ម័នធម្មជាតិ រាវរបស់ពិភពលោក ដែលអាចដឹកជញ្ជូនដោយកប៉ាល់។ រោងចក្រនេះត្រូវបានបិទបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក។ ការបិទច្រកសមុទ្រ Hormuz ចំពោះចរាចរណ៍កប៉ាល់ដឹកប្រេងភាគច្រើន ក៏បានធ្វើឱ្យឧស្ម័នគ្មានកន្លែងណាត្រូវទៅដែរ៕
