. ប្រមុខយូអិន ជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ចប់សង្គ្រាម ហេីយជំនួសមកវិញដោយការទូត
យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ចប់សង្គ្រាម ហើយបានជំរុញឱ្យមានសកម្មភាពការទូតជំនួសសកម្មភាពយោធា។
លោក Guterres បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីនេះក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបថា “វាដល់ពេលហើយ ដើម្បីបញ្ចប់សង្គ្រាមនេះ”។
លោកបានកត់សម្គាល់ថា ជម្លោះដែលចាប់ផ្តើម ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងប្រឈមនឹងហានិភ័យនៃការ “ចេញពីការគ្រប់គ្រងទាំងស្រុង ខណៈពេលដែលបង្កការឈឺចាប់យ៉ាងខ្លាំង ដល់ជនស៊ីវិល”។
លោក Guterres ក៏បានឧ្យដឹងផងដែរថា ផលវិបាក នៃសង្គ្រាមកំពុងរីករាលដាលហួសពីសមរភូមិ ដោយព្រមានអំពី “ការរីករាលដាលជុំវិញ សេដ្ឋកិច្ចពិភពលោក ដែលពិតជាគួរឱ្យព្រួយបារម្ភ ជាមួយនឹងផលវិបាកសោកនាដកម្ម ដែលអាចកើតមាន ជាពិសេសសម្រាប់ប្រទេស ដែលមានការអភិវឌ្ឍតិចតួចបំផុត”។
លោកបានបន្ថែមថា “វាដល់ពេលហើយ សម្រាប់ការទូតដើម្បីយកឈ្នះលើសង្គ្រាម” ។
មេដឹកនាំ នៃរដ្ឋជាសមាជិកសហភាព អឺរ៉ុប ដែលបានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍ ត្រូវបានកំណត់ឱ្យពិភាក្សាអំពីការកើនឡើង នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសផលប៉ះពាល់របស់វាទៅលើតម្លៃថាមពលអឺរ៉ុប សន្តិសុខថាមពល និងស្ថិរភាពក្នុងតំបន់៕
