ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បន្តគាំទ្រឧបត្ថម្ភ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារ​ បណ្ដុះបណ្ដុះបណ្ដាល ដើម្បីកសាងធនធានមនុស្សផ្នែកកងកម្លាំង

កណ្ដាល ៖ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃ នៅតែបន្តគាំទ្រឧបត្ថម្ភ និងផ្ដល់អាទិភាពខ្ពស់ ដល់ការងារបណ្ដុះបណ្ដុះបណ្ដាល ដើម្បីកសាងធនធានមនុស្សផ្នែកកងកម្លាំងសម្រាប់បន្តវេនពីមួយជំនាន់ទៅមួយជំនាន់។

ការលើកឡើងរបស់ លោកបណ្ឌិត ទូច វិសាលសុខ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាម សិស្សនគរបាល-ពន្ធនាគារជ័យលាភី ចំនួន ១២វគ្គ ស្មើនឹង១ ២៤២នាក់ នារី ១៩២នាក់ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

លោកបណ្ឌិត ទូច វិសាលសុខ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់ ព្រមទាំងគាំទ្រឧបត្ថម្ភ ដល់ការងារបណ្ដុះបណ្ដាលកងកម្លាំង នគរបាលជាតិ និង មន្ត្រីពន្ធនាគារ ដោយការលើកទឹកចិត្តតាមរូបភាពផ្សេងៗ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈស្របតាមតម្រូវការ។ ហេតុនេះ ក្នុងយុគសម័យដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងលឿន និងក្នុងបរិបទសាកលភាវូបនីយកម្ម ក្រសួងមហាផ្ទៃ បានកំណត់ចក្ខុវិស័យវែងឆ្ងាយ និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្អែកលើកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពនិងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពជឿជាក់ពីប្រជាពលរដ្ឋ។

លើសពីនេះ លោកបណ្ឌិត បានថ្លែងកោតសរសើរប្រកបដោយមោទនភាពយ៉ាងខ្លាំង អំពីការវិវត្តរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ ការបំពាក់ឧបករណ៍ សម្ភារៈ ការកែលម្អសោភណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ស្តង់ដាគុណភាព លើការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងកម្លាំង ព្រមទាំងបានថ្លែងអំណរគុណ ដល់សប្បុរសជនដែលបានជួយអភិវឌ្ឍបណ្ឌិត្យសភា។ ក្រសួងមហាផ្ទៃ នៅតែបន្តគាំទ្រឧបត្ថម្ភនិង ផ្ដល់អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដុះបណ្ដាល ដើម្បីកសាងធនធានមនុស្ស ផ្នែកកងកម្លាំងសម្រាប់បន្តវេនពីមួយជំនាន់ទៅមួយជំនាន់។

លោកបណ្ឌិត ទទួលស្គាល់ថា ក្រោមស្មារតីកែទម្រង់ ទស្សនៈទំនើបកម្មនិយម គំនិតច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់បណ្ឌិត្យសភា បានបន្តបង្កើតស្នាដៃ សមិទ្ធផលថ្មីៗ និងមានវឌ្ឍនភាព ជាបន្តបន្ទាប់ ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាល ប្រកបដោយគុណភាពនិងស្តង់ដាខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ ៕

To Top