ក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ៖ សហជីព និងកម្មករនិយោជិតថ្លែងអំណរគុណ សម្ដេចធិបតី ដែលតែងតែយកចិត្តទុក ដោយរិះរកវិធីសម្រាលបន្ទុក
ភ្នំពេញ ៖ ក្រោយពីមានការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សហជីព និងកម្មករនិយោជិត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានថ្លែងអំណរគុណដល់សម្ដេច ដែលតែងតែយកចិត្តទុកដាក់ ក្នុងការជួយអន្តរាគមន៍នៅក្នុងស្ថានភាពប្រេងឥន្ធនៈឡើងថ្លៃ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា លោកគាំទ្រ ចំពោះចំណាត់ការរបស់សម្ដេចធិបតី បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបប្រជុំជាមួយសហជីព តំណាងសមាគមន៍រោងចក្រ ដើម្បីរកដំណោះស្រាយនៃការឡើង តម្លៃប្រេងឥន្ធនៈ ដែលជាបញ្ហាសកលលោក ខណៈដែលកម្ពុជា ក៏ទទួលរងនូវផលប៉ះពាល់នេះដែរ។

លោកបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូពីដំណោះស្រាយជូនប្រជាពលរដ្ឋ និងកម្មករនិយោជិតបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនេះ។ ដំណោះស្រាយនេះ នឹងជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគាត់ ។

លោកបញ្ជាក់ថា៖«ជួសមុខឱ្យកម្មករនិយោជិត ខ្ញុំជាថ្នាក់ដឹកនាំសហជីព សូមគោរពថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយនេះ។ ការគិតគូរបស់រាជរដ្ឋាភិបាលនេះ គឺសំខាន់ខ្លាំងណាស់ជួយដល់ដោះស្រាយបញ្ហាជីវភាពបងប្អូនកម្មករនិយោជិតរបស់យើងនៅក្នុងស្ថានភាពនេះ»។

អ្នកស្រី សុខា លីនដា កម្មកររោងចក្រ ដុង ឌូ ស្ថិតនៅរាជធានីភ្នំពេញ បានសម្ដែងក្ដីរីករាយថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ និងអន្តរាគមន៍ទាន់ពេលវេលា ដើម្បីបន្ធូរបន្ថយបញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដែលអាចជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ និងរក្សាស្ថិរភាពជីវភាពរបស់យើងខ្ញុំបានល្អប្រសើរឡើងក្នុងស្ថានភាពលំបាកបច្ចុប្បន្ននេះ»។
នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី បានណែនាំឱ្យលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។

សម្តេចធិបតីបានបញ្ជាក់ថា៖«ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះឱ្យបានឆាប់បំផុត»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមថា ភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មផងដែរ៕
