សមត្ថកិច្ច បន្តអង្កេតស្រាវជ្រាវ ខណៈតាមការបំភ្លឺ របស់ភាគីរថយន្តបង្ក បានឆ្លើយថា «អ្នកបើកបរជាស្រ្តី» ករណីគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌប្ញស្សីកែវ
ភ្នំពេញ ៖ សមត្ថកិច្ច កំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញ បច្ចេកទេស ខណៈតាមការបំភ្លឺរបស់ភាគីរថយន្តបង្ក បានឆ្លើយចំពោះមុខសមត្ថកិច្ចថា «អ្នកបើកបររថយន្ត បង្កជាស្រ្តី»។
យោតាមគេហទំព័រហ្វេសប៊ុករបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ថា ចំពោះករណីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បណ្តាលឲ្យក្មេងប្រុស ១នាក់រងរបួសធ្ងន់ អ្នកបើកបរ រថយន្តនិង អ្នករួមដំណើរប្រុសស្រីទាំង ២នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នាំខ្លួនយកមកសាកសួរតាមច្បាប់។
ជាមួយគ្នានេះ បើយោងតាមការបំភ្លឺរបស់ភាគីរថយន្តបង្ក បានឆ្លើយចំពោះមុខសមត្ថកិច្ចឲ្យដឹងថា អ្នកបើកបររថយន្តបង្កជាស្រ្តី ដោយមុនពេលកើតហេតុស្រ្តីនោះបានបើករថយន្តចេញពីកន្លែងផឹកស៊ីជាមួយបុរសដែលរួមដំណើរពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខ។
ទោះបីយ៉ាងណាករណីនេះ សមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវ តាមជំនាញ បច្ចេកទេស ក្នុងគោលដៅសុក្រឹតភាព នៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរ បង្កហេតុ ដោយអនុលោមតាមនីតិវិធីកំណត់ក្នុងច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការឆាប់ៗនេះ ដើម្បីពិនិត្យសម្រេចជាសមត្ថកិច្ច ៕
