លោក ប៉ែន បូណា ៖ កម្មវិធី «នគរសង្ក្រាន្ត» ជាឱកាសបង្ហាញកម្លាំង មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា កម្មវិធី «នគរសង្ក្រាន្ត» គឺជាឱកាសបង្ហាញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងក្រោមស្មារតីនៃការ «ការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ»។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ស្រង់ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬកម្មវិធី «នគរសង្ក្រាន្ត» នឹងត្រូវប្រារព្ធឡើង ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក។ មុនប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី នឹងមានការរៀបចំបង្ហាញកម្មវិធី «នគរសង្ក្រាន្ត» ដើម្បីជម្រាបជូនពួកគាត់ឱ្យបានដឹងអំពីការរៀបចំកម្មវិធី «នគរសង្ក្រាន្ត» ក៏ដូចជាដើម្បីបង្ហាញថា ទាំងអស់គ្នាដែលនៅសមរភូមិក្រោយ មិនដែលបំភ្លេចជនភៀសសឹកឡើយ ។
លោកថា សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពន្យល់ហេតុផលដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំកម្មវិធី «នគរសង្ក្រាន្ត» ឆ្នាំនេះថា ទោះបីជាកម្ពុជាកំពុងជួបប្រទះការបំពានលើបូរណភាពទឹកដីនៅទីតាំងមួយចំនួនតាមព្រំដែនជាមួយថៃ ក៏ប៉ុន្តែ អ្វីៗមិនត្រូវគាំងដំណើរទៅមុខលែងរួចនោះឡើយ ខណៈរាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាតាមមធ្យោបាយការទូតយ៉ាងសកម្ម ។
អ្នកនាំពាក្យបញ្ជាក់ថា “និយាយជារួម កម្មវិធី នគរសង្ក្រាន្ត គឺជាឱកាសបង្ហាញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងក្រោមស្មារតីនៃការ ការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដោយរក្សាបាននូវជំហរឥតងាករេរបស់ខ្លួន គឺដំណើរឆ្ពោះទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ” ។
លោកប៉ែន បូណាបន្ថែមថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ នឹងគ្មានល្បែងបាញ់ទឹក និងប៉ាតម៉្សៅ ឡើយ ពោលកម្មវិធីត្រូវប្រារព្ធ ក្នុងអត្ថន័យលើកកម្ពស់ តម្លៃវប្បធម៌ ប្រពៃណីជាតិ តាមរយៈល្បែងរបាំប្រជាប្រិយ និងពិធីសាសនា ផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជួរមុខ និងការចុះសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា។ ចំណែកថវិកាទទួលបាននឹងត្រូវចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ។ ដូច្នេះ កម្មវិធី «នគរសង្ក្រាន្ត» នេះមិនត្រឹមតែបង្ហាញពីតម្លៃវប្បធម៌ និងប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីវីរភាពដ៏អង់អាចក្លាហានរបស់វីរកងកម្លាំងជួរមុខ ក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាការចែករំលែកក្តីស្រឡាញ់ និងការរួមសុខទុក្ខជាមួយជនភៀសសឹក៕
