ព័ត៌មានអន្តរជាតិ

ប្រទេសដាណឺម៉ាក​ ចាត់វិធានការត្រៀមខ្លួន សម្រាប់ការវាយប្រហារ ដែលអាចកើតមាន របស់សហរដ្ឋអាមេរិក​ លើកោះហ្គ្រីនឡែន​ នៅក្នុងខែមករា

អូស្លូ៖ ប្រទេសដាណឺម៉ាក​ បានរៀបចំវិធានការ បន្ទាន់នៅក្នុងខែមករាសម្រាប់ចលនាយោធា​ ដែលអាចកើតមាន របស់សហរដ្ឋអាមេរិកប្រឆាំងនឹងកោះហ្គ្រីនឡែន រួមទាំងការបញ្ជូនឈាម និងគ្រឿងផ្ទុះទៅកាន់កោះអាកទិក នេះបើយោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាក DR នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពអនាមិកនៅក្នុងប្រទេសដាណឺម៉ាក និងកន្លែងផ្សេងទៀតនៅអឺរ៉ុប។

យោងតាមរបាយការណ៍ កងទ័ពដាណឺម៉ាកដែលឈរជើងនៅហ្គ្រីនឡែនបានដឹកគ្រឿងផ្ទុះដែលមានបំណងបំផ្លាញផ្លូវរត់យន្តហោះនៅទីក្រុង​ Nuuk និង Kangerlussuaq ដើម្បីការពារយន្តហោះយោធាអាមេរិកពីការចុះចត។ មជ្ឈមណ្ឌលឈាមដាណឺម៉ាក​ ក៏ត្រូវបានចល័តផងដែរ ក្នុងករណីមានការប្រយុទ្ធគ្នា​ ដែលអាចកើតមាន។

DR បានឧ្យដឹងថា របាយការណ៍របស់ខ្លួនគឺផ្អែកលើការសម្ភាសន៍​ ដែលបានធ្វើឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមកជាមួយប្រភពចំនួន ១២ មកពីរដ្ឋាភិបាលដាណឺម៉ាក យោធា និងសេវាស៊ើបការណ៍សម្ងាត់ ក៏ដូចជាមន្ត្រីជាន់ខ្ពស់នៅប្រទេសបារាំង និងអាល្លឺម៉ង់។

ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា ទីក្រុង Copenhagen បានស្វែងរកការគាំទ្រផ្នែកនយោបាយពីសម្ព័ន្ធមិត្តអឺរ៉ុប បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់សម្ពាធឡើងវិញ​ ដើម្បីគ្រប់គ្រងកោះហ្គ្រីនឡែន។

ការដាក់ពង្រាយកងទ័ពដែលបានគ្រោងទុកពីមុនត្រូវបានពន្លឿនបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសវេណេស៊ុយអេឡានៅថ្ងៃទី៣​ ខែមករា ដែលបានបង្កើនការភ័យខ្លាចនៅក្នុងប្រទេសដាណឺម៉ាកថា ទីក្រុងវ៉ាស៊ីនតោន​ អាចងាកទៅរកការប្រេីប្រាស់កម្លាំងនៅកន្លែងផ្សេង។

យឡាងណាមិញ​ DR បានឧ្យដឹងថា អាជ្ញាធរដាណឺម៉ាក និងហ្គ្រីនឡែនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើផែនការបន្ទាន់ដែលបានរាយការណ៍នោះទេ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top