ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិន ចុះពិនិត្យសុខភាពបេះដូង ជូនសិស្សវិចិត្រសិល្បៈ ជាង ៧០០នាក់

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីមនុស្សធម៌ចុះពិនិត្យសុខភាពបេះដូងដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្សចំនួន ៧៣០នាក់ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ។ សកម្មភាពនេះរួមមាន ការត្រួតពិនិត្យសម្ពាធឈាម ការស្កេនបេះដូង និងការផ្តល់ប្រឹក្សាផ្នែកអាហារូបត្ថម្ភ ។

លោក ហេង កំសាន្ត នាយកសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង បញ្ជាក់ថា ៖ «សុខភាពល្អ គឺជាមូលដ្ឋានសម្រាប់ការសិក្សា ឱ្យមានប្រសិទ្ធភាព និង ការអភិវឌ្ឍសមត្ថភាពរបស់សិស្សនៅថ្ងៃអនាគត»។ លោកបន្ថែមថា ការពិនិត្យជាប្រចាំជួយ រកឃើញជំងឺនៅដំណាក់កាលដំបូង ដើម្បីព្យាបាលទាន់ពេលវេលា ។

លោកបានបន្តថា “ក្នុងនាមសាលាមធ្យមវិចិត្រសិល្បៈ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន តាមរយៈលោកបណ្ឌិត ជា មុនីរិទ្ធ ដែលបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ទាំងប្រាជ្ញាស្មារតី ដែលជួយចែករំលែកនូវការពិនិត្យសុខភាព ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ នៃសាលាមធ្យមវិចិត្រសិល្បៈយើងខ្ញុំនេះ។ ហើយយើងខ្ញុំសង្ឃឹមថា លោកគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន នឹងបន្តនូវកិច្ចសហការ ផ្តល់ការពិនិត្យសុខភាពនៃរោគផ្សេងៗជាបន្តបន្ទាប់ទៀត លើសពីជំងឺបេះដូងនេះ។”

ជាមួយគ្នានេះផងដែរ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា កម្មវិធីនេះជាផ្នែកមួយ នៃការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន កម្ពុជានិងចិន ជាពិសេសក្នុងវិស័យសុខាភិបាល និងមនុស្សធម៌។ លោកបានលើកឡើងថា ការយកចិត្តទុកដាក់លើសុខភាពបេះដូង គឺមានសារៈសំខាន់ខ្លាំង ព្រោះជំងឺបេះដូងកំពុងក្លាយជាមូលហេតុ នាំមុខមួយ នៃជំងឺដ៏ស្រួចស្រាវមួយនៅទូទាំងពិភពលោក។ លោកបន្ថែមថា ចាប់ពីឆ្នាំ២០១៨ ក្រោមកិច្ច សហការជាមួយមូលនិធិចិនPeaceland អង្គការYUNDI មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន និងបណ្តាមន្ទីរពេទ្យនានាក្នុង ប្រទេសកម្ពុជា ក្រុមគ្រូពេទ្យស្មគ្រចិត្ត កម្ពុជា-ចិន បានផ្តល់សេវាពិនិត្យ ដោយឥតគិតថ្លៃ ដល់សិស្សានុសិស្ស មិនត្រឹមតែជួយបង្កើនការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើត វប្បធម៌ នៃការយកចិត្តទុកដាក់លើ សុខភាពក្នុងសហគមន៍ផងដែរ។ ជាមួយនឹងការឧបត្ថម្ភនិងកិច្ចគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន នោះក្រុមការងារស្មគ្រចិត្តនឹងបន្តរៀបចំកម្មវិធីមនុស្សធម៌ ដូចនេះនៅតាមតំបន់ផ្សេងៗទៀត ដើម្បីចូលរួមលើកកម្ពស់គុណភាពជីវិតជូនកុមារកម្ពុជា ។

លោក វេជ្ជបណ្ឌិត ស៊ុយ សុវណ្ណារ៉ា ឯកទេសជំងឺបេះដូង និងសរសៃឈាមបានមានប្រសាសន៍ថា ការពិនិត្យបេះដូងនៅវ័យក្មេង អាចរកឃើញបញ្ហា ពីកំណើត ឬបញ្ហា ដែលកើតឡើងដោយសាររបៀបរស់នៅ» ដោយលោកបានណែនាំឱ្យសិស្ស យកចិត្តទុកដាក់លើការហាត់ប្រាណ និងបរិភោគអាហារដែលមានតុល្យភាព ។

លោកបានមានប្រសាសន៍ថា «ពេលនេះ ក្រុមគ្រូពេទ្យខ្មែរ-ចិន យើងមកគឺមាន ទី១ គឺមានវេជ្ជបណ្ឌិតឯកទេស។ វេជ្ជបណ្ឌិតឯកទេស ដែលគាត់មានជំនាញច្បាស់លាស់ ក្នុងការធ្វើរោគវិនិច្ឆ័យ ជំងឺបេះដូងពីកំណើត ទី១។ ទី២ យើងភ្ជាប់ជាមួយឧបករណ៍ផ្សេងៗទៀត ដូចជា ស្ដេតូស្កុប (Stethoscope) ដើម្បីយើងស្គ្រីននីង (Screening) ហើយក៏យើងមាន អេកូកាដ្យូក្រាហ្វី (Echocardiography) ណា អេកូបេះដូង ដើម្បីធ្វើរោគវិនិច្ឆ័យ ឱ្យបានច្បាស់លាស់ ។»
សិស្សានុសិស្សទាំងអស់ បានបង្ហាញពីការសប្បាយរីករាយ និងការដឹងគុណចំពោះកម្មវិធីនេះ ដោយ សិស្សានុសិស្សបានទទួលចំណេះដឹងថ្មីៗអំពីសុខភាព និងបានយល់ដឹងពីសារៈសំខាន់នៃការថែទាំ សុខភាពដោយខ្លួនឯង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ គ្រូបង្រៀន និងមាតាបិតាក៏បានសាទរនិងគាំទ្រ ដល់កម្មវិធីពិនិត្យសុខភាពនេះយ៉ាងខ្លាំង។

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១៨ មក ក្រោមកិច្ចសហការជាមួយមូលនិធិ Peaceland និងដៃគូនានា សមាគមបានពិនិត្យសុខភាពជូនកុមារបានជាង ៧ម៉ឺននាក់ និងបានជួយព្យាបាលកុមារដែលមានជំងឺបេះដូងពីកំណើតឱ្យជាសះស្បើយបានចំនួន ១៥៥នាក់ ផងដែរ៕

To Top