អ៊ីរ៉ង់គំរាមវាយប្រហារ កន្លែងកម្សាន្ត និងកន្លែងទេសចរណ៍នៅទូទាំងពិភពលោក
បរទេស៖ បន្ទាប់ពីសង្គ្រាមកាន់តែធ្ងន់ធ្ងរ ឡើងនៅមជ្ឈិមបូព៌ា អ៊ីរ៉ង់បានគំរាមពង្រីកការវាយប្រហារសងសឹក វាយប្រហារដោយរួម បញ្ចូលកន្លែងកម្សាន្ត និងកន្លែងទេសចរណ៍នៅទូទាំងពិភពលោក ខណៈដែល សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនកំពុងបញ្ជូននាវាចម្បាំង និងកងម៉ារីនបន្ថែមទៀតទៅកាន់តំបន់នេះ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ថា បន្ទាប់ពីព័ត៌មាននៃការដាក់ពង្រាយនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋបាលរបស់លោកពិតជាកំពុងពិចារណា «កាត់បន្ថយ» ប្រតិបត្តិការយោធានៅក្នុងតំបន់។ សារចម្រុះទាំងនេះបានកើតឡើងបន្ទាប់ពីការកើនឡើងមួយផ្សេងទៀតនៃតម្លៃប្រេងបានធ្វើឱ្យទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះ ហើយត្រូវបានបន្តដោយការប្រកាសរបស់រដ្ឋបាលលោក ត្រាំ ថាខ្លួននឹងដកទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ដែលផ្ទុកនៅលើកប៉ាល់ ដែលជាចលនាមួយដែលមានគោលបំណងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។
ទន្ទឹមនឹងនេះ សង្គ្រាមមិនបានបង្ហាញសញ្ញានៃការថមថយនោះទេ។
ចំណែកអ៊ីស្រាអែលបាននិយាយថា អ៊ីរ៉ង់បានបន្តបាញ់មីស៊ីល ទៅលើខ្លួននៅព្រឹកថ្ងៃសៅរ៍ ខណៈដែលអារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនបានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើកចំនួន ២០ គ្រឿងក្នុងរយៈពេលត្រឹមតែពីរបី ម៉ោងប៉ុណ្ណោះនៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេស ដែលជាទីតាំង នៃការដំឡើងប្រេងសំខាន់ៗ។ ក្រសួងការពារជាតិបាននិយាយថា មិនមានអ្នករងរបួស ឬខូចខាតនោះទេ។
ប្រែសម្រួល: ណៃ តុលា
