សហរដ្ឋអាមេរិក ផ្ដល់ពេល ៣០ថ្ងៃ សម្រាប់ការលក់ប្រេង ដែលមានប្រភពពីអ៊ីរ៉ង់ នៅលើសមុទ្រ ចំពេលមានការព្រួយ បារម្ភអំពីការផ្គត់ផ្គង់
ញូវយ៉ក៖ ក្រសួងរតនាគារ សហរដ្ឋអាមេរិក បានចេញអាជ្ញាប័ណ្ណទូទៅមួយ ដោយលុបចោលទណ្ឌកម្ម ជាបណ្ដោះអាសន្ន លើប្រេងអ៊ីរ៉ង់នៅលើសមុទ្ររយៈពេល ៣០ថ្ងៃ ដើម្បីដោះស្រាយកង្វះ ខាតការផ្គត់ផ្គង់ ចំពេលមានការរំខាន ដល់ការដឹកជញ្ជូន នៅក្នុងច្រកសមុទ្រ Hormuz។
អាជ្ញាប័ណ្ណទូទៅ ដែលចេញ ដោយការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិបរទេសរបស់ក្រសួង បានអនុញ្ញាតឱ្យមាន ការដឹកជញ្ជូន និងការលក់ប្រេងឆៅ និងផលិតផលប្រេងឥន្ធនៈដែលមានប្រភពដើមពីអ៊ីរ៉ង់ ដែលផ្ទុកនៅលើនាវា គិតត្រឹមថ្ងៃសុក្រ។
ប្រតិបត្តិការសម្រាប់ការចត និងបោះយុថ្កាដោយសុវត្ថិភាពនៃនាវាពាក់ព័ន្ធ ការរក្សាសុខភាព ឬសុវត្ថិភាពរបស់សមាជិកនាវិក ការជួស ជុលបន្ទាន់ ឬការការពារបរិស្ថាន ក៏ដូចជាសេវាកម្មផ្សេងៗ ក៏ត្រូវបានអនុញ្ញាតផងដែរ។
ជាពិសេស ប្រតិបត្តិការដែលត្រូវបានអនុញ្ញាត ដោយអាជ្ញាប័ណ្ណទូទៅនេះ រួមមានការនាំចូលប្រេងឆៅ និងផលិតផលប្រេងឥន្ធនៈដែលមានប្រភពដើមពីអ៊ីរ៉ង់ ចូលទៅក្នុងសហរដ្ឋអាមេរិក។
លោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក បានឧ្យដឹងនៅក្នុងសារលេីបណ្ដាញសង្គម X ថា “ការអនុញ្ញាតបណ្តោះអាសន្ន និងរយៈពេលខ្លីនេះត្រូវបានកំណត់យ៉ាងតឹងរ៉ឹង ចំពោះប្រេងដែលកំពុងដឹកជញ្ជូនរួចហើយ ហើយមិនអនុញ្ញាតឱ្យមានការទិញ ឬផលិតកម្មថ្មីនោះទេ»។
លោក Bessent បានលេីកឡេីងថា អ៊ីរ៉ង់នឹងមានការលំបាកក្នុងការទទួលបានប្រាក់ចំណូលណាមួយ ដែលបានបង្កើត ហើយសហរដ្ឋអាមេរិក នឹងបន្តរក្សាសម្ពាធអតិបរមាលើអ៊ីរ៉ង់ និងសមត្ថភាពរបស់ខ្លួន ក្នុងការចូលទៅកាន់ ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា
