ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ កំពុងពិចារណាកាត់បន្ថយ​ ការវាយប្រហារលើអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកកំពុងពិចារណា «កាត់បន្ថយ» ការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដោយអះអាងថា សហរដ្ឋអាមេរិក «កំពុងខិតជិតដល់» ការសម្រេចគោលបំណងរបស់ខ្លួនហេីយ។

លោក ត្រាំ បានឧ្យដឹងនៅលើបណ្ដាញ ​ Truth Social របស់លោកថា «យើងកំពុងខិតជិតដល់ការសម្រេច គោលបំណងរបស់យើង ខណៈពេលដែលយើងពិចារណា កាត់បន្ថយកិច្ចខិតខំប្រឹងប្រែងយោធា ដ៏អស្ចារ្យរបស់យើងនៅមជ្ឈិមបូព៌ា» ទាក់ទងនឹងអ៊ីរ៉ង់។

គោលបំណងដែលលោក ត្រាំ បានគូសបញ្ជាក់រួមមាន ការកាត់បន្ថយសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ ការបំផ្លាញមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ប្រទេសនេះ ការលុបបំបាត់កងទ័ពជើងទឹក និងអាកាសរបស់អ៊ីរ៉ង់​ និងការរារាំងប្រទេសនេះ​ពីការខិតជិតទៅនឹងសមត្ថភាពនុយក្លេអ៊ែរ និងការការពារសម្ព័ន្ធមិត្តអាមេរិកនៅទូទាំងតំបន់។​ ប៉ុន្ដែនៅរសៀលថ្ងៃសុក្រផងដែរ លោក​ ត្រាំ បានឧ្យដឹងថា លោកមិនចង់បានបទឈប់បាញ់ជាមួយអ៊ីរ៉ង់នោះទេ។

លោក ដូណាល់​ ត្រាំ បានប្រាប់អ្នកយកព័ត៌មានមុនពេលលោកចាកចេញពីសេតវិមានទៅកាន់រដ្ឋ Florida ថា «យើងអាចមានការសន្ទនា ប៉ុន្តែអ្នកដឹងទេ ខ្ញុំមិនចង់ធ្វើបទឈប់បាញ់នោះទេ​ អ្នកមិនធ្វើបទឈប់បាញ់នោះទេ នៅពេលដែលអ្នកពិតជាកំពុងបំផ្លាញភាគីម្ខាងទៀត»។

លោកបានបញ្ជាក់ថា​ «ពីទស្សនៈយោធា ពួកគេបានបញ្ចប់ហើយ​ ពួកគេមិនមានកងទ័ពជើងទឹក។ ពួកគេមិនមានកងទ័ពអាកាសនោះទេ។ ពួកគេមិនមានឧបករណ៍អ្វីទាំងអស់។ ពួកគេមិនមានអ្នកសង្កេតការណ៍ទេ​ ពួកគេក៏មិនមានយន្តហោះប្រឆាំង យន្តហោះដែរ​ ពួកគេមិនមានរ៉ាដា​ ហើយមេដឹកនាំរបស់ពួកគេទាំងអស់ ត្រូវបានសម្លាប់នៅគ្រប់កម្រិតទាំងអស់»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top