ភ្នំពេញ ៖ ក្រោយពីមានអ្នករិះគន់ ចំពោះការរឹតបន្ដឹងច្បាប់ ចរាចរណ៍ស្របពេលកូវីដ-១៩ កំពុងកើតមានឡើងនោះ សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅវិញថា សម្ដេច សុខចិត្តខាតបង់ប្រជាប្រិយភាព ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរមូល ពីគ្រោះថ្នាក់ចរាចរណ៍។
ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ និងក្រុមការងារ បច្ចេកទេសស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ បានថ្លែងថា មានក្រុមជនអគតិមួយ ចំនួនលើកឡើងការអនុវត្តច្បាប់ចរាចរណ៍ផាកពិន័យ ដើម្បីយកថវិកា ទៅបើកប្រាក់ខែឲ្យ សមត្ថកិច្ច និងទាហាន ព្រោះអត់ថវិកាបើកឲ្យពួកគាត់។
សម្ដេចតេជោ មានប្រសាសន៍ថា «ប្រជាជនកំពុងតែខ្វល់រឿង កូវីដ-១៩ ហើយទៅរឹតបន្ដឹង ច្បាប់ចរាចរណ៍។ អញសុខចិត្តខាត មិនប្រជាប្រិយទេ អញដឹងមិនប្រជាប្រិយទេ ក៏ប៉ុន្ដែយ៉ាងហោចណាស់អញ បានការពារអាយុជីវិតប្រជាជនបានមួយចំណែក តាមរយៈរឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោក»។
សម្ដេចតេជោបន្ដថា បើសិនប្រជាពលរដ្ឋគោរពច្បាប់ ទាំងអស់គ្នា នគរបាលមិនផាកពិន័យ ឡើយ។សម្ដេចថា នគរបាលផាកពិន័យចំពោះ ប្រជាពលរដ្ឋណា មិនគោរពច្បាប់ ហើយប្រជាពលរដ្ឋបន្ដចូលរួម គោរពច្បាប់ចរាចរណ៍ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាច រណ៍»។
សូមរំលឹកថា ក្នុង រយៈពេល១ខែ នៃការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នគរបាល ធ្វើការផាកពិន័យយានយន្ត ល្មើសច្បាប់ ចំនួន៤៤.៧៦៥គ្រឿង និងផាកពិន័យបានថវិកា ជាង៣ពាន់លាន រៀល៕ ដោយ ៖ អេង ប៊ូឆេង