ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះផលិត​ ក្នុងស្រុករបស់ចិន កំពុងធ្វើតេស្តនៅសមុទ្រ

បរទេស៖ក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយនៅពេលថ្មីៗនេះថា នាវាផ្ទុកយន្តហោះផលិតក្នុងស្រុកទាំងស្រុងរបស់ទ័ពជើងទឹកចិន កំពុងតែធ្វើការសាកល្បងនៅសមុទ្រ ដើម្បីតេស្តអាវុធនិងសម្ភារៈផ្សេងៗ និងធ្វើឲ្យកាន់តែប្រសើរឡើង នូវការហ្វឹកហាត់បុគ្គលិកលើនាវា។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យយោធាចិន លោក Ren Guoqiang បាននិយាយប្រាប់ថា សមយុទ្ធនេះ គឺកំពុងតែត្រូវធ្វើឡើងតាមការគ្រោងទុក ជាក់ស្តែងមិនប៉ះពាល់ដោយការផ្ទុះរាតត្បាតឆ្លងនៃមេរោគកូរ៉ូណានោះ។

គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះថ្មីនេះ គឺជានាវាផ្ទុកយន្តហោះទីពីរ ដែលបានដាក់ចូលបម្រើការបន្ទាប់ពីនាវាផ្ទុកយន្តហោះ Liaoning ដែលដើមឡើងត្រូវបានទិញជាគ្រោងនាវាមកពីប្រទេសអ៊ុយក្រែន និងត្រូវបានយកមកកែលម្អឡើងវិញទាំងស្រុង៕
ប្រែសម្រួល៖ប៉ាង កុង

To Top