ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ជំរុញឱ្យយកចិត្តទុកដាក់ បម្រើសេវាសុខាភិបាល នៅថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋាន ក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា នៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ និងត្រៀមខ្លួនឱ្យបានល្អ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយត្រូវពិនិត្យឱសថ បរិក្ខារពេទ្យ ធានាឱ្យមានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់នៅតាមមូលដ្ឋាន ។
លោកបន្តថា ឃ្លាំងឱសថកណ្តាល ត្រូវរៀបចំផែនការ បែងចែកឱសថ ទៅតាមមូលដ្ឋានឱ្យបានសមស្រប និងឆាប់រហ័ស ទៅតាមចំនួនប្រជាជនក្នុងតំបន់ ។ ជាមួយគ្នានេះ មន្ទីរសុខាភិបាល និងមូលដ្ឋានសុខាភិបាល នៅតាមបណ្តាខេត្តជាប់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់លើការថែទាំសុខភាពជូនប្រជាជន និងវីរកងទ័ព នៅតាមមូលដ្ឋានរៀងៗខ្លួន ។

សាស្ត្រាចារ្យ ឈាង រ៉ា បន្ថែមថា គ្រប់មូលដ្ឋានសុខាភិបាល និងឯកជន ត្រូវពង្រឹងការប្រើប្រាស់រថយន្តគិលានសង្រ្គោះ ដោយត្រូវដឹងពីកាតព្វកិច្ចគោលការណ៍ ក្នុងការបំពេញការងាររបស់ខ្លួនឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ។ ក្នុងនោះ ត្រូវពិនិត្យ និងយកចិត្តទុកចំពោះការប្រើប្រាស់ប័ណ្ណ ប.ស.ស. ប្រកបដោយសមធម៌ នឹងត្រូវរៀបចំរបាយការណ៍ដោយមានការប្រៀបធៀបក្នុងរយៈពេល ៣ឆ្នាំ ឬរយៈពេលសមរម្យណាមួយ ដើម្បីអាចមើលឃើញលទ្ធផល និងអាចវាស់វែងបាន ។ អ្វីកាន់តែពិសេសថែមទៀតនោះ រដ្ឋមន្រ្តីបានស្នើឱ្យអនុវត្តវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ទនៈ និងអគ្គិសនី ។

បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តយកចិត្តទុកដាក់លើការងារទំនាក់ទំនងជាមួយអ្នកជំងឺដោយប្រើពាក្យសម្ពី និងកាយវិការសមរម្យ និងការទទួលខុសត្រូវខ្ពស់ ប្រកបដោយសុជីវធម៌ គុណធម៌ សមធម៌ និងបង្កើនភាពជិតស្និទ្ធ៕

To Top