ព័ត៌មានជាតិ

សមាគមធនាគារនៅកម្ពុជា ប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិ នៃកម្ពុជា ដើម្បីចូលរួមពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុ

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា បានប្ដេជ្ញាការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់គោលនយោបាយអាទិភាព ក្នុងការចូលរួមពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុ បរិយាបន្ន ភាពធន់។

ក្នុងមហាសន្និបាតសមាជិកប្រចាំឆ្នាំ របស់សមាគមធនាគារនៅកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាភិបាលផុតអាណត្តិទាំងអស់ចំពោះការដឹកនាំប្រកបដោយភាពស្វាហាប់ និងក្រុមការងារលេខាធិការដ្ឋានចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដើម្បីចូលរួមគាំទ្រដល់វិស័យធនាគារ។

ក្នុងឱកាសនោះ លោក ប្រធានសមាគម បានអបអរសាទរជូនសមាជិកក្រុមប្រឹក្សាភិបាលដែលទើបជាប់ឆ្នោតថ្មី និងបានដាក់ចេញនូវចក្ខុវិស័យនិងសរសរស្តម្ភចំនួន ០៣ សម្រាប់អាណត្តិថ្មី ដើម្បីលើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុឱ្យមាននិរន្តរភាព ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ដើម្បីពង្រឹងទំនុកចិត្តសាធារណៈនិងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ដើម្បីពង្រឹងសមត្ថភាពធនាគារិកតាមរយៈការបណ្តុះបណ្តាលជាប្រចាំ ទំាងជំនាញបច្ចេកទេសធនាគារ និងភាពជាអ្នកដឹកនាំ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀតក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាពនិងវិបុលភាពជាតិ។

លោកប្រធានសមាគម ក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សមាគមធនាគារក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ក្នុងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់គោលនយោបាយអាទិភាពក្នុងការចូលរួមពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុ បរិយាបន្ន ភាពធន់ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

សូមរំលឹកថា សមាគមធនាគារនៅកម្ពុជា គឺជាសមាគមវិជ្ជាជីវៈក្នុងស្រុក និងធ្វើប្រតិបត្តិការមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា និងការការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក។ សមាគមធនាគារអនុវត្តសកម្មភាពរបស់ខ្លួនដោយមានការសហការយ៉ាងមានភាពជិតស្និទ្ធជាមួយអាជ្ញាធរ សមាគម អង្គការ ឬស្ថាប័នក្នុងស្រុក និងអន្តរជាតិ ហើយបម្រើសេវាកម្មជាច្រកទំនាក់ទំនងរវាងស្ថាប័នទាំងនោះ ដើម្បីសម្រេចបេសកកម្មរបស់សមាគម៕

To Top