វិមានក្រឹមឡាំង ៖ ស្ថានភាពនៅមជ្ឈិមបូព៌ា កំពុងវិវត្តទៅតាមសេណារីយ៉ូដ៏អាក្រក់បំផុត
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ប្រទេសរុស្ស៊ីបានតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅមជ្ឈិមបូព៌ា ហើយសម្រាប់ពេលនេះ វាកំពុងវិវត្តទៅតាមសេណារីយ៉ូដ៏អាក្រក់បំផុត។
លោក Peskov បានលេីកឡេីងថា ផលវិបាកនៃជម្លោះនៅមជ្ឈិមបូព៌ា សម្រាប់សេដ្ឋកិច្ចពិភពលោក គឺពិបាកក្នុងការគណនា ប៉ុន្តែវាមិនទំនងជាវិជ្ជមាននោះទេ។
លោកក៏បានឧ្យដឹងផងដែរថា ទីក្រុងមូស្គូសង្ឃឹមថាស្ថានភាពនៅមជ្ឈិមបូព៌ានឹងផ្លាស់ប្តូរទៅជាផ្លូវសន្តិភាពក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោកបានបន្ដថា “យើងសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ព័ត៌មានដែលបង្ហាញថាការចរចាកំពុងដំណើរការ គឺជាការពិត ពីព្រោះសកម្មភាពណាមួយ ដែលអាចជួយបង្កើតសន្តិភាពតាមមធ្យោបាយណាមួយសមនឹងទទួលបានការគាំទ្រពេញលេញ”។
ភាពតានតឹងនៅក្នុងតំបន់បានកើនឡើង ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នា លើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀត ដោយបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលរាបរយនាក់ផ្សេងទៀត។
អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ព្រមទាំងអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើច្រកសមុទ្រហ័រមូស៕
ប្រែសម្រួល ឈូក បូរ៉ា
