រដ្ឋមន្រ្តី សុខ សូកេន អញ្ជើញចូលរួម ពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត សម្រាប់ខេត្តចំនួន៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី
ខេត្តស្វាយរៀង៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួម “ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការសម្រេចបាននូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសមធម៌ និងបរិយាបន្ន។

ការវិនិយោគនេះមិនត្រឹមតែជួយកាត់បន្ថយគម្លាតសេវារវាងតំបន់ទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសន្ទុះអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅតាមមូលដ្ឋាន ព្រមទាំងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕







