ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការអភិវឌ្ឍ សហគមន៍នេសាទ ឱ្យប្រែក្លាយជាកន្លែងទេសចរណ៍ គឺដើម្បីកែប្រែជីវភាព របស់ប្រជាពលរដ្ឋ

កំពត ៖ លោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត បានថ្លែងថា ការអភិវឌ្ឍសហគមន៍នេសាទ ឱ្យប្រែក្លាយជាកន្លែង ទេសចរណ៍ គឺដើម្បីកែប្រែជីវភាព របស់ប្រជាពលរដ្ឋ ក្នុងតំបន់ឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលបានដាក់ចេញ។

ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ សហគមន៍តំបន់ឆ្នេរ ដែលមាន សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ក្នុងខេត្តកំពត និងសហគមន៍នេសាទ អូក្រសារខេត្តកែប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា ទន្ទឹមនឹងការអភិវឌ្ឍ ប្រមុខរាជរដ្ឋាភិបាល បច្ចុប្បន្ន គឺ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរជានិច្ចចំពោះសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់បណ្តាខេត្ត-ក្រុង ត្រូវកែច្នៃអភិវឌ្ឍន៍តំបន់នានាក្នុងមូលដ្ឋានខ្លួនឱ្យមានភាពទាក់ទាញ ក្នុងន័យដើម្បីប្រជាពលរដ្ឋអាចទទួលផលពីតំបន់នោះ ហើយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

លោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានបន្តថា ការអភិវឌ្ឍសហគមន៍នេសាទឱ្យប្រែក្លាយជាកន្លែងទេសចរណ៍ គឺមានគោលដៅមួយចំនួនដូចជា៖ ចង់ឱ្យបងប្អូនប្រជានេសាទមានចម្រើសច្រើនក្នុងការប្រកបមុខរបរ, មានចំណូលជាប្រចាំ, មានប្រាក់សន្សំ, កាត់បន្ថយបំណុលគ្រួសារ, មានផ្ទះសំបែងរស់នៅសមរម្យ, មានម្ហូបអាហារគ្រប់គ្រាន់ ពិសេសអាចបញ្ជូនកូនៗទៅសិក្សា។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រោយពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍ តំបន់ឆ្នេររួចរាល់ ប្រជានេសាទនឹងទទួលបានផលពីវិស័យ ទេសចរណ៍នេះ ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដោយផ្អែកលើចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៣០ និង ២០៥០ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

តាមការឱ្យដឹងពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ការបង្កើតឱ្យមានសហគមន៍នេសាទនេះ គឺជាគោលបំណងរបស់រាជរដ្ឋាភិបាលនៅក្នុង ការផ្ទេរសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ឱ្យចូលរួមគ្រប់គ្រង ធនធានជលផល នៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយចិរភាព និងធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ បានយល់ច្បាស់ ហើយឈានទៅចាត់ទុកថាខ្លួនជាម្ចាស់ផ្ទាល់លើធនធានទាំងនោះ ដើម្បីទទួលបានផលប្រយោជន៍ ពីធនធានទាំងនោះប្រកបដោយសមធម៌៕

To Top