ព័ត៌មានអន្តរជាតិ

អតិផរណានៅប្រទេសឡាវ កើនឡើងដល់ ៩,៧ ភាគរយ ខណៈដែលតម្លៃប្រេងឥន្ធនៈជំរុញ ឱ្យមានការកើនឡើងខ្លាំងបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ

បរទេស៖ ប្រទេសឡាវកំពុងប្រឈមមុខ នឹងសម្ពាធអតិផរណាកាន់តែខ្លាំងឡើង ដោយតម្លៃទំនិញបានកើនឡើង យ៉ាងខ្លាំងពេញមួយត្រីមាសទីមួយនៃឆ្នាំ ២០២៦ , នេះបើយោងតាមរបាយការណ៍ ចុងក្រោយរបស់ក្រសួងហិរញ្ញវត្ថុឡាវ។

យោងតាមសារព័ត៌មាន The Laotian Times ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ថា អត្រាអតិផរណាសំខាន់ក្នុងខែមីនា ៩,៧ ភាគរយ គឺជាការកើនឡើងប្រចាំខែជាប់ៗគ្នាលើកទីបី កើនឡើងពី ៦,២ ភាគរយក្នុងខែកុម្ភៈ និង ៥,១ ភាគរយក្នុងខែមករា ដែលជំរុញឱ្យមធ្យមភាគប្រចាំត្រីមាសលើសពីកម្រិតកំណត់ប្រចាំឆ្នាំ ៥ ភាគរយរបស់រដ្ឋាភិបាល។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើងដល់ ២៦៧,០ បើប្រៀបធៀបទៅនឹង ២៥៨,៧ កាលពីខែមុន និង ២៤៣,៣ ដែលបានកត់ត្រាក្នុងខែមីនា ឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីកំណើនថ្លៃទំនិញប្រចាំឆ្នាំជាប់លាប់។

ការកើនឡើងថ្លៃទំនិញ មានលក្ខណៈទូលំទូលាយ ដែលប៉ះពាល់ដល់ស្ទើរ តែគ្រប់ប្រភេទ សំខាន់ៗនៃការចំណាយរបស់គ្រួសារ។

ការកើនឡើងខ្លាំងបំផុត បានមកពីទំនិញ និងសេវាកម្ម ដែលបានកើនឡើង ៣៩,៨ ភាគរយ ដែលជំរុញជាចម្បង ដោយការកើនឡើងនៃតម្លៃមាសសកល និងក្នុងស្រុក។ ការដឹកជញ្ជូន និងទំនាក់ទំនងបានបន្តជាមួយនឹងការកើនឡើង ១៨,១ ភាគរយ ខណៈដែលលំនៅដ្ឋាន ទឹក អគ្គិសនី និងឥន្ធនៈចម្អិនអាហារបានកើនឡើង ១៧,២ ភាគរយ។

ការថែទាំសុខភាព និងឱសថបានកើនឡើង ១៣,៩ ភាគរយ ការអប់រំ ១២,២ ភាគរយ និងគ្រឿងស្រវឹង និងថ្នាំជក់ ១០ ភាគរយ។ ភោជនីយដ្ឋាន សណ្ឋាគារ និងសម្លៀកបំពាក់បានកត់ត្រាការកើនឡើងចាប់ពី ៧ ភាគរយដល់ ៩ ភាគរយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top