ក្រសួងការងារ បើកសិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្ត ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពង់របស់លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ដើម្បីវាយតម្លៃលទ្ធផលពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧។

កម្មវិធីនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធនិម្មិត ZOOM ដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់រួមមាន ក្រសួង ស្ថាប័ន អង្គការ និងដៃគូអភិវឌ្ឍន៍ ជាពិសេសសមាគមនិយោជក និងអង្គការវិជ្ជាជីវៈ របស់កម្មករនិយោជិត។

ថ្លែងក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការ ប្រចាំការ បានគូសបញ្ជាក់ថា សិក្ខាសាលានាពេលនេះ មានសារៈសំខាន់បំផុតក្នុងការតាមដាន និងបូកសរុបលទ្ធផលការងារ ដែលបានអនុវត្តអស់រយៈពេល ៣ឆ្នាំកន្លងមក ក៏ដូចជាការប្រមូលធាតុចូលដើម្បីដោះស្រាយបញ្ហាប្រឈមនានាឱ្យកាន់តែមានប្រសិទ្ធភាព។ ការងារសុវត្ថិភាព និងសុខភាពការងារនេះ គឺជាផ្នែកមួយមិនអាចខ្វះបាននៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង សំដៅប្រែក្លាយកម្ពុជាជាប្រទេសមាន ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ក្នុងស្មារតីជំរុញការ អនុវត្តផែនការមេលើកទី៣ លោកស្រីបានលើកឡើង ពីយុទ្ធសាស្ត្រគន្លឹះចំនួន ៦ ដែលក្រសួងកំពុង យកចិត្តទុកដាក់ ដោយក្នុងនោះរួមមាន ការរៀប ចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ ឱ្យស្របតាមបទដ្ឋានអន្តរជាតិ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទាំងថ្នាក់ជាតិ និងសហគ្រាស ការពង្រឹងការអនុវត្តច្បាប់តាមរយៈអធិការកិច្ចការងារ ការបង្កើនកិច្ចសហការ រវាងនិយោជក និងកម្មករនិយោជិត ការលើកកម្ពស់បរិយាកាសការងារ ក្នុងសហគ្រាស ខ្នាតតូចនិងមធ្យម និងការលុបបំបាត់ពលកម្មកុមារ ព្រមទាំងការបង្ការជំងឺផ្សេងៗនៅកន្លែងធ្វើការ ។ លោកស្រីបានមានប្រសាសន៍បន្ថែមថា ក្រសួងកំពុងពន្លឿនការកសាងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ក្រោមការជួយជ្រោមជ្រែងពីជំនាញការនៃសាធារណរដ្ឋកូរ៉េ និងអង្គការ ILO ដើម្បីធានាបាននូវបរិយាកាសការងារល្អ និងបង្កើនផលិតភាពការងារ ។ ក្រៅពីការរៀបចំច្បាប់ ក្រសួងក៏បានដាក់ចេញនូវកម្មវិធីគាំទ្រ ជាក់ស្តែងជាច្រើន ដើម្បីដោះស្រាយបញ្ហា ឱ្យដល់មូលដ្ឋាន។

ជាមួយគ្នានេះ លោកស្រីបានរំលេចនូវយន្តការប្រកួតប្រជែងពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» និងកម្មវិធីកែលម្អរបៀបធ្វើការជាច្រើនទៀតដូចជា កម្មវិធី WISH សម្រាប់អ្នកធ្វើការតាមផ្ទះ កម្មវិធី WISE សម្រាប់សហគ្រាស កម្មវិធី WIND សម្រាប់តាមភូមិដ្ឋាន និងកម្មវិធីដទៃទៀតដែលគ្របដណ្តប់ទាំងផ្នែកសំណង់ យុវជន និងការគ្រប់គ្រងកាកសំណល់ ។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើង យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថាគ្មានកម្មករ និយោជិតណាម្នាក់ត្រូវបានបោះបង់ចោល ទោះបីជាពួកគេស្ថិត ក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធក៏ដោយ។

ដើម្បីឱ្យការអនុវត្តការងារ បន្តទៅមុខ ដោយជោគជ័យ លោកស្រីបានផ្តល់អនុសាសន៍ ឱ្យគ្រប់ភាគីពាក់ព័ន្ធ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ បន្តកសាងសមត្ថភាពមន្ត្រី អធិការកិច្ចឱ្យមានជំនាញច្បាស់លាស់ និងត្រូវបង្កើតប្រព័ន្ធរាយការណ៍ ទិន្នន័យសុវត្ថិភាពការងារ ឱ្យបានរឹងមាំសម្រាប់ជាមូលដ្ឋាន ក្នុងការដាក់ចេញគោលនយោបាយ នាពេលអនាគត៕



