ព័ត៌មានជាតិ

ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ក្នុងខេត្តក្រចេះ ទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋពីគ្រប់ទិសទី ជិត៣២ម៉ឺននាក់

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ រយៈពេល៣ថ្ងៃ បានទាកទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី ប្រមាណជិត២៣ម៉ឺននាក់ ។

ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មការ អន្តរក្រសួង និងរដ្ឋបាល ខេត្តក្រចេះ បានរៀបចំពិធីបិទព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ក្រោមអធិបតីភាព របស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងថ្នាក់ដឹកនាំតំណាង អន្តរក្រសួង វិស័យឯកជន បណ្ដាញសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋចូលរួមសរុបជាង ៣,០០០ នាក់។

ក្នុងនោះលោករដ្ឋមន្ត្រី ហួត ហាក់ បានសម្ដែង នូវកិត្តិយស និងសេចក្តីរីករាយយ៉ាងខ្លាំង ដោយទទួលបានការចាត់តាំង ដ៏ខ្ពង់ខ្ពស់ពី សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើជាអធិបតី ពិធីបិទព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះ ព្រមទាំងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងព្រឹត្តិការណ៍រយៈពេល៣ថ្ងៃកន្លងមកនេះ។

លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ប្រព្រឹត្តទៅបានប្រកបដោយភាព អធិកអធម មានភាពរលូន សុវត្ថិភាពខ្ពស់ និងសណ្តាប់ធ្នាប់សាធារណៈល្អ ព្រមទាំងរក្សាបាន នូវបរិស្ថានអនាម័យស្អាត និងទទួលបានការគាំទ្រ យ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន។ នៅក្នុងរយៈពេល៣ថ្ងៃនេះ ខេត្តក្រចេះ បានទទួលស្វាគមន៍ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទីប្រមាណជិត ៣២ម៉ឺននាក់ ដែលជាកត្តាសំខាន់បង្ហាញពីភាពទាក់ទាញ និងសក្តានុពលដ៏ខ្លាំងក្លា នៃវិស័យទេសចរណ៍តាមដងទន្លេកម្ពុជា។

ជាមួយគ្នានេះ កម្មវិធីនានាក្នុងព្រឹត្តិការណ៍ ត្រូវបានរៀបចំយ៉ាងសម្បូរបែប និងមានភាពទាក់ទាញខ្ពស់ រួមមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលក្នុងស្រុក ការសម្ដែងសិល្បៈវប្បធម៌ ការប្រគុំតន្ត្រី និងកម្មវិធីកម្សាន្តជាច្រើនទៀត ដែលបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាជាច្រើនម៉ឺននាក់ និងទទួលបានការគាំទ្រយ៉ាងផុសផុល លើសពីការរំពឹងទុក។ លើសពីនេះទៅទៀត សកម្មភាពកីឡាទេសចរណ៍ទាំងលើទឹក និងលើគោក ចំនួន៦ប្រភេទ ក៏បានរៀបចំឡើងយ៉ាងរស់រវើក ដោយមានអ្នកចូលរួម និងអ្នកទស្សនាសរុបប្រមាណ ៤,៥០០នាក់ ដែលបានបង្កើនភាពសប្បាយរីករាយ និងបរិយាកាសស្និទ្ធស្នាល ក្នុងព្រឹត្តិការណ៍ ទាំងមូល ដោយបានរៀបចំកម្មវិធីអមសំខាន់ៗចំនួន១១ រួមបញ្ចូលសកម្មភាព សាសនា វប្បធម៌ មនុស្សធម៌ កីឡា និងការអប់រំផ្សព្វផ្សាយ ក្នុងការលើកកម្ពស់អត្តសញ្ញាណជាតិ និងសាមគ្គីភាពសង្គម។ ក្នុងន័យនេះ ព្រឹត្តិការណ៍បុណ្យទន្លេ ក៏បានផ្តល់អាទិភាពយ៉ាងសំខាន់ លើយុទ្ធនាការ «កម្ពុជាស្អាត ក្រចេះស្អាត បុណ្យទន្លេគ្មានសម្រាម» ដែលបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្ម ពីសាធារណជន និងយុវជន ក្នុងការថែរក្សាបរិស្ថាន សោភ័ណភាព និងអនាម័យទីក្រុង។

គួរបញ្ជាក់ជូនផងដែរថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលបានរៀបចំឡើង នៅខេត្តក្រចេះ រយៈពេល៣ថ្ងៃនេះ បានទាក់ទាញភ្ញៀវទេសចរសរុប មានចំនួន ប្រមាណ ៣១៧.៦៨៥ នាក់ ដែលក្នុងនោះ រួមមានទេសចរជាតិស្នាក់នៅ ប្រមាណ ជិត៦.៥០០នាក់ ប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណជិត ៣១១.០០០នាក់ និងទេសចរអន្តរជាតិប្រមាណជិត ៣៥០ នាក់៕

To Top