រដ្ឋមន្រ្តីយុត្តិធម៌ ៖ ពិភពលោក ត្រូវបាត់បង់ថវិកា ជាង៤រយពាន់លានដុល្លារ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ក្នុងឆ្នាំ២០២៥ កន្លងមកនេះ នៅទូទាំងពិភពលោក បានបាត់បង់ថវិកា ប្រមាណជា៤៤២ពាន់លានដុល្លារ ដោយសារការបោកប្រាស់ តាមប្រព័ន្ធអនឡាញ “Online Scam” ។
ក្នុងឱកាសអញ្ជើញការពារសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា” នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក កើត រិទ្ធ បានបង្ហាញទំហំខូចខាត ដែលបង្កឡើងដោយឧក្រិដ្ឋកម្មបច្ចេកវិទ្យា ។ ដោយលោកបញ្ជាក់ថា ក្នុងរយៈពេលតែមួយឆ្នាំ នៅទូទាំងសកលលោក បានបាត់បង់ប្រាក់ប្រមាណជា៤៤២ ពាន់លានដុល្លារ ដោយសារការបោកប្រាស់ តាមប្រព័ន្ធអនឡាញ ។

រដ្ឋមន្រ្តីបន្ថែមថា “ក្នុងរយៈពេលមួយឆ្នាំនៃឆ្នាំ២០២៥កន្លងមកនេះ ចំនួនទឹកប្រាក់ដែលបាត់បង់ ដោយសារការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្លំផ្នែកហិរញ្ញវត្ថុ ត្រូវបានប៉ាន់ស្មានថា មានចំនួន៤៤២ពាន់លានដុល្លារអាមេរិក” ។
ឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ដោយមើលឃើញពីគ្រោះថ្នាក់ដ៏ធំធេង ដោយសារបទល្មើសអនឡាញនេះ ប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរនោះ បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាជា អាទិភាពថ្មី ខណៈកម្ពុជាបានបង្កើតច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការពារប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានរៀបចំឡើង ក្នុងគោលបំណងកំណត់អំពីវិធាន ផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ៕
