ព័ត៌មានអន្តរជាតិ

អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បាញ់ផ្លោងដាក់គ្នានៅព្រំដែន ដោយប្រើប្រាស់អាវុធធុនធ្ងន់ និងកាំភ្លើងធំ ក្រោយបទឈប់បាញ់

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានបាញ់ប្រហារគ្នាយ៉ាងខ្លាំងនៅតំបន់ព្រំដែន ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសទាំងពីរ បានយល់ព្រមផ្អាកការប្រយុទ្ធ ជាបណ្ដោះអាសន្ន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាននេះ បានផ្សាយដោយដកស្រង់សម្តី មន្ត្រីមកពីប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានថា ការប៉ះទង្គិចគ្នាបានកើតឡើង នៅថ្ងៃអាទិត្យនៅក្នុងតំបន់រវាងខេត្តគូណាររបស់ប្រទេសអាហ្វហ្គានីស្ថាន និងស្រុកបាជួររបស់ប្រទេសប៉ាគីស្ថាន ។

នៅថ្ងៃអាទិត្យ ទីក្រុងអ៊ីស្លាម៉ាបាដបានរៀបចំកិច្ចប្រជុំ ជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងទួរគី ដើម្បីពិភាក្សាអំពីការបន្ធូរបន្ថយភាពតានតឹង នៅមជ្ឈិមបូព៌ា ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបន្តធ្វើសង្គ្រាមលើអ៊ីរ៉ង់។

យោងតាមរបាយការណ៍ គឺទាំងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានប្រើប្រាស់អាវុធធុនធ្ងន់ និងកាំភ្លើងធំ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា។

អ្នកនាំពាក្យអាហ្វហ្គានីស្ថានបានប្រាប់រ៉យទ័រថា មនុស្សម្នាក់ត្រូវបានសម្លាប់ និងមនុស្ស ១៦ នាក់ ភាគច្រើនជាស្ត្រី និងកុមារ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះ ខណៈដែលមន្ត្រីប៉ាគីស្ថាន បានបន្ថយការប៉ះទង្គិចគ្នានេះ៕

To Top