ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តរបស់អាមេរិក នៅឈូងសមុទ្រពែក្ស ជំរុញឱ្យលោក ត្រាំ បន្តប្រយុទ្ធរហូតដល់អ៊ីរ៉ង់ ត្រូវបរាជ័យយ៉ាងដាច់ខាត

បរទេស៖ សម្ព័ន្ធមិត្តឈូងសមុទ្រ របស់សហរដ្ឋអាមេរិក ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម កំពុងជំរុញឱ្យប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្គ្រាម ប្រឆាំងនឹងអ៊ីរ៉ង់ ដោយអះអាងថា ទីក្រុងតេហេរ៉ង់មិនទាន់ ចុះខ្សោយគ្រប់គ្រាន់ដោយសារយុទ្ធនាការទម្លាក់គ្រាប់បែក ដឹកនាំដោយសហរដ្ឋអាមេរិករយៈពេលមួយខែនោះទេ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិក ឈូងសមុទ្រ និងអ៊ីស្រាអែល។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា បន្ទាប់ពីការត្អូញត្អែរជាលក្ខណៈ ឯកជននៅដើមសង្គ្រាមថា ពួកគេមិនត្រូវបានផ្តល់ការជូនដំណឹង ជាមុនគ្រប់គ្រាន់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល និងការត្អូញត្អែរថា សហរដ្ឋអាមេរិកបានមិនអើពើ នឹងការព្រមានរបស់ពួកគេថា សង្គ្រាមនឹងមានផលវិបាក យ៉ាងធ្ងន់ធ្ងរសម្រាប់តំបន់ទាំងមូល សម្ព័ន្ធមិត្តក្នុងតំបន់មួយចំនួន កំពុងបញ្ជាក់ហេតុផលទៅកាន់ សេតវិមានថា ពេលនេះជាការផ្តល់ ឱកាសប្រវត្តិសាស្ត្រមួយដើម្បីបំផ្លាញ ការគ្រប់គ្រងរបស់ទីក្រុង តេហេរ៉ង់ជារៀងរហូត។

មន្ត្រីមកពីអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត និងបារ៉ែន បានបង្ហាញនៅក្នុងការសន្ទនាជាឯកជនថា ពួកគេមិនចង់ឱ្យប្រតិបត្តិការយោធាបញ្ចប់ ដរាបណាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងថ្នាក់ដឹកនាំអ៊ីរ៉ង់ ឬមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងឥរិយាបថរបស់អ៊ីរ៉ង់, នេះបើយោងតាមមន្ត្រី ដែលមិនត្រូវបានអនុញ្ញាត ឱ្យធ្វើអត្ថាធិប្បាយជាសាធារណៈ និងបាននិយាយក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ការជំរុញពីប្រទេសឈូងសមុទ្រនេះបានកើតឡើងនៅពេលដែលលោក ដូណាល់ ត្រាំ កំពុងស្ទាក់ស្ទើររវាងការអះអាងថា ថ្នាក់ដឹកនាំដ៏ចុះខ្សោយ របស់អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយជម្លោះ និងការគំរាមកំហែង ធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើកិច្ចព្រមព្រៀងមួយមិន ត្រូវបានឈានដល់ក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top