ជប៉ុនដាក់ពង្រាយមីស៊ីល រយៈចម្ងាយឆ្ងាយបាញ់ បាន ១.០០០គីឡូម៉ែត្រ មានសមត្ថភាព បាញ់ដល់ទឹកដីរបស់ចិន
បរទេស៖ មន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា មីស៊ីលរយៈចម្ងាយឆ្ងាយដំបូង របស់ប្រទេសជប៉ុន ត្រូវបានដាក់ពង្រាយ នៅជំរំកងទ័ពនៅភាគនិរតី ខណៈដែលប្រទេសជប៉ុន កំពុងជំរុញឱ្យមានការពង្រឹង សមត្ថភាពវាយលុករបស់ខ្លួន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា មីស៊ីលប្រភេទ Type-12 ដែលបានធ្វើឱ្យប្រសើរឡើង ដោយបាញ់ចេញពីលើដី ត្រូវបានអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries របស់ប្រទេសជប៉ុន បានចាប់ផ្តើមដំណើរការនៅជំរំ Kengun ក្នុងខេត្ត Kumamoto។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Shinjiro Koizumi បានប្រាប់អ្នកយកព័ត៌មានថា “ខណៈពេលដែលប្រទេស ជប៉ុនប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត នៅក្នុងសម័យក្រោយសង្គ្រាម… វាគឺជាសមត្ថភាពដ៏សំខាន់បំផុតមួយដើម្បីពង្រឹងការទប់ស្កាត់ និងការឆ្លើយតបរបស់ប្រទេសជប៉ុន”។ “វាបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ និងសមត្ថភាពរបស់ប្រទេសជប៉ុនក្នុងការការពារខ្លួន”។
មីស៊ីលប្រភេទ Type-12 ដែលបានធ្វើឱ្យប្រសើរឡើងនេះ មានចម្ងាយប្រហែល ១.០០០ គីឡូម៉ែត្រ ដែលជាការពង្រីក ដ៏សំខាន់ពីចម្ងាយ ២០០ គីឡូម៉ែត្រ នៃមីស៊ីលដើម ដែលនឹងអនុញ្ញាតឱ្យវាបាញ់ទៅដល់ចិនដីគោក។
ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនេះ ផ្តល់ឱ្យប្រទេសជប៉ុននូវសមត្ថភាព «ប្រឈមមុខដាក់គ្នា» មានន័យថា វាអាចវាយប្រហារមូលដ្ឋានមីស៊ីលរបស់សត្រូវពីចម្ងាយ ដែលជាការបំបែកចេញពីគោលនយោបាយការពារខ្លួនតែមួយគត់ ដែលប្រទេសនេះបានអនុវត្ត តាមជាយូរមកហើយ ក្រោមរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
