ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ អះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក​ នឹងក្លាជាគោលដៅវាយប្រហារ​ រួមទាំងមជ្ឈមណ្ឌលទំនាក់ទំនង និងឧស្សាហកម្ម របស់អ៊ីស្រាអែល

តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានថា ក្រុមហ៊ុនដែលខ្លួនចោទ ប្រកាន់ពីបទពាក់ព័ន្ធនឹង “ចារកម្មភេរវកម្ម” អាចនឹងត្រូវកំណត់គោលដៅវាយប្រហារ​ ដោយដាក់ឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗមួយចំនួន និងជំរុញឱ្យបុគ្គលិក និងអ្នកស្រុកនៅក្បែរនោះ ចាកចេញពីតំបន់ទាំងនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News IRGC បានឧ្យដឹងថា ស្ថាប័នដែលខ្លួនអះអាងថា​ រួមចំណែកដល់ប្រតិបត្តិការស៊ើបការណ៍សម្ងាត់ បច្ចេកវិទ្យាទំនាក់ទំនង និងបញ្ញាសិប្បនិម្មិត​ ដែលប្រើក្នុងការវាយប្រហារលើអ៊ីរ៉ង់​ នឹងត្រូវបានចាត់ទុកថាជា “គោលដៅវាយប្រហារស្របច្បាប់”។

IRGC បានចុះបញ្ជីក្រុមហ៊ុនចំនួន​ ១៨ក្រុមហ៊ុន​ ដោយបានចេញ ការព្រមានថា​ ពួកគេត្រូវតែរង់ចាំការវាយ ប្រហារដ៏សាហាវរបស់អ៊ីរ៉ង់​ ចាប់ពីថ្ងៃពុធនេះតទៅ។

វាបានព្រមានបុគ្គលិករបស់ក្រុមហ៊ុនទាំងនេះឱ្យចាកចេញពីកន្លែងធ្វើការរបស់ពួកគេជាបន្ទាន់ និងបានជំរុញឱ្យជនស៊ីវិលក្នុងរង្វង់ ១​គីឡូម៉ែត្រនៃក្រុមហ៊ុននានាទូទាំងមជ្ឈិមបូព៌ាផ្លាស់ទៅកន្លែងសុវត្ថិភាព។

ទន្ទឹមនឹងនេះ កងទ័ពអ៊ីរ៉ង់បានឧ្យដឹងថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើមជ្ឈមណ្ឌលទំនាក់ទំនង ទូរគមនាគមន៍ និងឧស្សាហកម្ម “សំខាន់ៗ និងជាយុទ្ធសាស្ត្រ” ដែលមានទំនាក់ទំនងជាមួយកងទ័ពអ៊ីស្រាអែល​ ចាប់តាំងពីព្រឹកព្រលឹមមក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ស្ថាប័ននេះបានចុះបញ្ជីមជ្ឈមណ្ឌល ដូចជាមជ្ឈមណ្ឌលសូហ្វវែរ Siemens នៅជិតអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុង Tel Aviv, Telecom និង AT&T Communications ក្នុងទីក្រុង Haifa ដោយអះអាងថា ពួកគេត្រូវបានកំណត់គោលដៅ ដោយយន្តហោះគ្មានមនុស្សបើក kamikaze៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top