រដ្ឋាភិបាលឥណ្ឌូនេស៊ី ដាក់កម្រិតលើការទិញប្រេងឥន្ធនៈ ដោយយានយន្តឯកជនឱ្យប្រើប្រាស់អតិបរមា ៥០ លីត្រក្នុងមួយថ្ងៃ
បរទេស៖ លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច របស់ប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ីកំពុងជំរុញវិធានការសន្សំសំចៃ ថាមពលជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេង ឥន្ធនៈ និងពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុ ចំពេលមានភាពមិនប្រាកដប្រជា កាន់តែខ្លាំងឡើងលើពិភពលោក ដែលបង្កឡើង ដោយជម្លោះនៅមជ្ឈិមបូព៌ា។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Airlangga បាននិយាយថា វិធានការសំខាន់ៗ មួយគឺការអនុវត្តគម្រោងធ្វើការពីផ្ទះ (WFH) សម្រាប់មន្ត្រីរាជការ នៅក្នុងស្ថាប័នរដ្ឋាភិបាលកណ្តាល និងតំបន់ សម្រាប់មួយថ្ងៃធ្វើការពីផ្ទះក្នុងមួយសប្តាហ៍ រៀងរាល់ថ្ងៃសុក្រ។
លោកបានមានប្រសាសន៍ថា “គោលនយោបាយនេះ គឺលើកទឹកចិត្តដល់ប្រសិទ្ធភាពថាមពល និងចល័តភាព ដើម្បីឆ្លើយតបទៅនឹងសក្ដានុភាពសកល រួមទាំងជម្លោះនៅមជ្ឈិមបូព៌ា ខណៈពេលដែលរក្សាស្ថិរភាពសេដ្ឋកិច្ច”។
លោក Airlangga បាននិយាយថា គោលនយោបាយ WFH មានគោលបំណងលើកកម្ពស់ប្រព័ន្ធការងាររបស់រដ្ឋាភិបាលដែលមានមូលដ្ឋានលើឌីជីថល និងកាត់បន្ថយចល័តភាព រួមទាំងការកំណត់ការប្រើប្រាស់យានយន្តរដ្ឋ លើកលែងតែយានយន្តប្រតិបត្តិការ និងយានយន្តអគ្គិសនី ខណៈពេលដែលលើកទឹកចិត្តដល់ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។
លោកបន្តថា «តាមរយៈគោលនយោបាយ WFH នេះ យើងរំពឹងថាការសន្សំដោយផ្ទាល់ទៅក្នុងថវិការដ្ឋនឹងឈានដល់ប្រហែល 6.2 ពាន់ពាន់លានរូពី (ប្រហែល 365.4 លានដុល្លារអាមេរិក)» ដោយបន្ថែមថាការធ្វើដំណើរផ្លូវការក្នុងស្រុករបស់មន្រ្តីក៏នឹងត្រូវកាត់បន្ថយពី 50 ទៅ 70 ភាគរយផងដែរ។
លើសពីនេះ ចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2026 រដ្ឋាភិបាលនឹងដាក់កម្រិតលើការទិញប្រេងឥន្ធនៈដែលមានការឧបត្ថម្ភធន ដោយកំណត់យានយន្តឯកជន ឱ្យប្រើប្រាស់អតិបរមា 50 លីត្រក្នុងមួយថ្ងៃ ដើម្បីធានាបាននូវការចែក ចាយកាន់តែចំគោលដៅ។
