នាយឧត្តមសេនីយ៍ ទៀ សីហា ៖ កងយោធពលខេមរភូមិន្ទ មានសមត្ថភាពគ្រប់គ្រាន់ការពារទឹកដី
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពាន របស់ប្រទេសជិតខាង ។

ក្នុងសារសារជូនពរទៅដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងថា មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញ ភារកិច្ចនៅតាមបណ្តាស្ថាប័ន កងឯកភាពនានា ដែលប្រចាំការ តាមបណ្តោយព្រំដែន និងបំពេញបេសកកម្ម នៅអង្គការសហប្រជាជាតិ ព្រមទាំងសិក្ខាកាមទាំងអស់ទទួលបាន នូវសុខភាពល្អបរិបូរ កម្លាំងមាំមួន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ ។
លោកថា សមិទ្ធផលដ៏ធំធេង ដែលកងយោធពលខេមរភូមិន្ទ សម្រេចបានក្នុងពេលកន្លងមក គឺកើតចេញពីការលះបង់ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកនានា ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវ ជោគជ័យជូនជាតិមាតុភូមិ ។
ប្រមុខការពារជាតិបន្ថែមថា ការពុះពារជម្នះបានគ្រប់ឧបសគ្គទាំងអស់នេះ បានធ្វើឱ្យកងយោធពលខេមរភូមិន្ទ កាន់តែរឹងមាំ កាន់តែមានភាពខ្លាំងក្លា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាព ទឹកដីរបស់ខ្លួន។ ជាបទពិសោធកន្លងមកនេះ ក្រោមស្មារតីជាតិខ្មែរតែមួយ បានរួបរួមសាមគ្គីពួតដៃគ្នាទប់ស្កាត់ការ ឈ្លានពានពីប្រទេសជិត ខាងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ទន្ទឹមគ្នានេះ អ្វីដែលមិនត្រូវភ្លេច គឺការរួបរួមសាមគ្គីគ្នា និងជឿជាក់លើរាជរដ្ឋាភិបាល ជៀសវាងជឿតាមការញុះញង់បំបែកបំបាក់សាមគ្គីជាតិ៕
