ព័ត៌មានជាតិ

កម្មករនិយោជិត របស់សហគ្រាសរដ្ឋ ក្នុងប្រទេសថៃ ប្រមូលផ្តុំគ្នាតវ៉ា ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាសាំង អគ្គិសនី និងទំនិញឡើងថ្លៃ

បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ កម្មករនៅសហគ្រាសរដ្ឋ និងក្រុមសម្ព័ន្ធមិត្ត បានប្រមូលផ្តុំគ្នា នៅខាងក្រៅក្រសួងថាមពល នៅក្នុងប្រទេសថៃ ដើម្បីប្រឆាំងនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ ដោយជំរុញឱ្យរដ្ឋាភិបាលដោះស្រាយវិបត្តិថាមពល, ថ្លៃអគ្គិសនីខ្ពស់ និងថ្លៃដើមរស់នៅកើនឡើង។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ថា នៅម៉ោង ០៩:៣០នាទីព្រឹក ក្រុមបាតុករបានអាន សេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យរដ្ឋាភិបាល ដោះស្រាយជាបន្ទាន់នូវកង្វះខាតប្រេងឥន្ធនៈ,  ប្រេងមានតម្លៃខ្ពស់, ថ្លៃអគ្គិសនីកើនឡើង និងទំនិញឡើងថ្លៃ ។ ពួកគេបានដាក់សំណើមួយចំនួន រួមទាំងវិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាថាមពល ដូចជាការពិនិត្យឡើងវិញ នូវរចនាសម្ព័ន្ធតម្លៃប្រេងឥន្ធនៈ ការគ្រប់គ្រងមូលនិធិប្រេងឥន្ធនៈ និងជួយសាធារណជនក្នុងអំឡុងពេលមានការប្រែប្រួលតម្លៃ។

ពួកគេបានអំពាវនាវបន្ថែមទៀត ឱ្យបញ្ឈប់ការនាំចេញប្រេងឥន្ធនៈ ដើម្បីផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់សំណងពីក្រុមហ៊ុន ដែលត្រូវបានចោទប្រកាន់ពីបទស្តុកប្រេងឥន្ធនៈ និងរកប្រាក់ចំណេញហួសហេតុ។

បញ្ឈប់ការធ្វើឯកជនភាវូបនីយកម្មសហគ្រាសរដ្ឋ និងប្រគល់ PTT និងអាជីវកម្មចម្រាញ់ប្រេងឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដើម្បីធានាបាននូវការគ្រប់គ្រងប្រេង និងឧស្ម័នដោយយុត្តិធម៌ សម្រាប់ផលប្រយោជន៍ជាតិ។ ជំរុញឱ្យនាយករដ្ឋមន្ត្រីប្រើប្រាស់ អំណាចពិសេសដើម្បីគ្រប់គ្រងថាមពលក្នុងអំឡុងពេលវិបត្តិ ដោយធានាបាននូវការគ្រប់គ្រងតម្លៃយ៉ាងតឹងរ៉ឹង និងការទទួលបានធនធាន ថាមពលដោយយុត្តិធម៌។ អនុវត្តវិធានការដើម្បីគ្រប់គ្រងតម្លៃទំនិញប្រើប្រាស់ ដើម្បីការពារការកើនឡើងបន្ថែមទៀតនៃថ្លៃដើមរស់នៅ៕
ប្រែសម្រួលៈ ណៃ តុលា

To Top