ភ្នំពេញ៖គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥ភាគរយ ដែល គ្រោងនឹងបញ្ចប់ មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយអាចតភ្ជាប់រួចរាល់ នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។
នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។
ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។
សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និង ទទឹង ១៣,៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ចំនួន៥៦,៩៩៨ លានដុល្លារ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ៕ ដោយ៖ធី លីថូ