ព័ត៌មានជាតិ

ខែមីនា សមត្ថកិច្ច បង្ក្រាបក្មេងទំនើង ៨៥ករណី និងឃាត់ខ្លួនជនបង្ក ៣៥២នាក់

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តប្រតិបត្តិការបង្ក្រាបក្មេងទំនើង៨៥ករណី និងបានឃាត់ខ្លួនជនបង្កចំនួន៣៥២នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ធៀបនឹងខែកុម្ភៈ ករណីក្មេងទំនើងក្នុងខែមីនា បានថយចុះ១៩ករណី ស្មើនឹង២៤នាក់។ ក្រសួងចាត់ទុកលទ្ធផលនេះថា មួយផ្នែកធំកើតចេញពីការភ្ញាក់រលឹករបស់យុវជនជ្រុលជ្រួស បានវិលមកធ្វើជាយុវជនល្អ ខណៈសមត្ថកិច្ចបានបង្កើន ការបង្ក្រាបមិនដកដៃ ។

គួរកត់សម្គាល់ថា ក្នុងចំណោមជនសង្ស័យជាង ៣០០នាក់ នគរបាលជាតិឃាត់ខ្លួនក្នុងខែមីនានោះ ភាគច្រើនត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពោលគឺពេលនេះ ពួកគេកំពុងស្ថិតក្រោមការឃុំខ្លួនតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងអនុវត្តច្បាប់នៅទូទាំងប្រទេស បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការ បង្ក្រាបករណីក្មេងទំនើងឱ្យបានទាន់ពេលវេលា ទោះរត់ទៅទីណាក៏ដោយ ក្រោមទិសដៅបន្ថយការអប់រំឱ្យវិលទៅផ្ទះ តែបង្កើនការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

កាលពីខែកុម្ភៈកន្លងទៅ កម្លាំងសមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងចំនួន១០៤ករណី និងឃាត់ខ្លួនជនបង្ក ៣៧៦នាក់ បញ្ជូនទៅតុលាការ។ ក្នុងកាលៈទេសៈនេះ ក្រុមក្មេងទំនើងនឹងអាចចូលឆ្នាំក្នុងពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ បើហ៊ានបង្កសកម្មភាពហិង្សា អុកឡុកសង្គម រំខានសេចក្ដីសុខពលរដ្ឋ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ៕

To Top