យន្តហោះដឹកជញ្ជូនអាមេរិក C-130 យន្តហោះ MV-22 Osprey និងឧទ្ធម្ភាគចក្រ H-60 Seahawk កំពុងប្រតិបត្តិការទាំងយប់ ទាំងថ្ងៃនៅកោះក្របី ក្នុងប្រទេសថៃ
បរទេស៖ អ្នកស្រុកនៅកោះក្របី ប្រទេសថៃ បានលើកឡើងពីការព្រួយបារម្ភ បន្ទាប់ពីបានឃើញយន្តហោះយោធា សហរដ្ឋអាមេរិកជាច្រើនគ្រឿង ហោះឡើង និងចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិក្របី ដែលត្រូវបានគេរាយការណ៍ថា មានជើងហោះហើររាប់សិបជើង ក្នុងមួយថ្ងៃៗ។
យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ថា យោងតាមរបាយការណ៍នៅថ្ងៃទី ៧ខែមេសា ឆ្នាំ ២០២៦ គឺ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញ ពីយន្តហោះជាច្រើន រួមទាំងយន្តហោះដឹកជញ្ជូន C-130 យន្តហោះ MV-22 Osprey និងឧទ្ធម្ភាគចក្រ H-60 Seahawk កំពុងប្រតិបត្តិការទាំងយប់ទាំងថ្ងៃ ជារឿយៗហោះហើរនៅរយៈកម្ពស់ទាប និងបង្កើតសំឡេងលឺខ្លាំងៗ។
អ្នកដំណើរជាច្រើនដែលត្រូវ បានគេឃើញចុះពីលើយន្តហោះត្រូវបានស្លៀកពាក់ស្រដៀងគ្នាទៅនឹងបុគ្គលិកយោធា ហើយបានប្រើប្រាស់ស្ថានីយ ដាច់ដោយឡែកពីអ្នកដំណើរធម្មតា ដែលជំរុញឱ្យមានការចង់ដឹងចង់ឃើញ និងការព្រួយបារម្ភរបស់សាធារណជនថៃបន្ថែមទៀត។
សកម្មភាពមិនធម្មតានេះ បានបង្កឱ្យមានការសង្ស័យយ៉ាងទូលំទូលាយ ក្នុងចំណោមអ្នកស្រុកថៃ ដោយអ្នកខ្លះសួរថា តើវាអាចជាប់ទាក់ទង នឹងមូលដ្ឋានយោធាអាមេរិក ដែលមានសក្តានុពល នៅក្នុងតំបន់ Andaman ដែរឬទេ ខណៈពេលដែលអ្នកផ្សេងទៀត បានបង្ហាញថាវាអាចពាក់ព័ន្ធនឹងចលនាកងទ័ព ដែលទាក់ទងនឹងភាពតានតឹងនៅមជ្ឈិមបូព៌ា។
វត្តមានយន្តហោះយោធាធំៗ នៅអាកាសយានដ្ឋានស៊ីវិលក៏បានលើកឡើងនូវសំណួរអំពីអ្នកដែលអនុញ្ញាតឱ្យមានប្រតិបត្តិការ និងមូលហេតុដែលអាកាសយានដ្ឋាន អន្តរជាតិក្របីត្រូវបានជ្រើសរើសជំនួសឱ្យមូលដ្ឋានយោធា ជាពិសេសខណៈដែលប្រទេសថៃ រក្សាជំហរអព្យាក្រឹតលើជម្លោះអន្តរជាតិដែលកំពុងបន្ត។
មន្ត្រីនៅអាកាសយានដ្ឋានបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតទេ ដោយលើកឡើងពីការព្រួយបារម្ភអំពីការបង្កឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈ។ អ្នកនាំពាក្យរបស់កងទ័ពអាកាសភូមិន្ទថៃក៏បាននិយាយផងដែរថា ពួកគេមិនទាន់បានដឹងអំពីស្ថានភាពនេះនៅឡើយទេ ហើយមិនអាចផ្តល់ព័ត៌មានបន្ថែមបានទេ។
