ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ហាមដាច់ខាតការបង្ហោះគោម និងអុជកាំជ្រួច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

យោងតាមសេចក្ដីណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ មេសា ថា ដើម្បីចូលរួមរក្សាសុវត្ថិភាព បង្ការការពារគ្រោះអគ្គិភ័យ ក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខ ខណៈពេលអាកាសធាតុ កំពុងតែក្តៅស្ងួតខ្លាំង ងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង ជាយថាហេតុក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បន្ដថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមថា ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំមធ្យោបាយឱ្យ បានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថា ហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ៕

To Top