ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈ និងត្រូវបញ្ជាក់តម្លៃ ក្នុងឱកាសចូលឆ្នាំ
ភ្នំពេញ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រសួងទេសចរណ៍ បានធ្វើការណែនាំ ដល់ប្រតិបត្តិករទេសចរណ៍ ទាំងអស់ ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈ តាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃ និង លក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋាន ដល់ភ្ញៀវក្នុងការពិចារណា ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីចូលរួមពង្រឹងគុណភាព សេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ ស្របតាមយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងស្របតាមគុណតម្លៃនៃវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ កម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំ ដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដូចតទៅ៖
-ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាព នៅតាមមូលដ្ឋានអាជីវកម្ម
-ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅផ្នែក ខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំង ព្រះបរមឆាយាល័ក្ខណ៍ព្រះអង្គ ទាំងបី ចំនួន ៣ច្បាប់ ស្របតាមសេចក្តីណែនាំ លេខ០១៨ សណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍
-រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅទីតាំងអាជីវកម្ម របស់ប្រតិបត្តិករទេសចរណ៍ សូមបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្ត ដោយមិនឱ្យប្រាសចាក ពីប្រពៃណីទំនៀមទម្លាប់ខ្មែរ
-ត្រូវរៀបចំចំណតរថយន្ត ឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្ម អាជីវកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវ ពីទីតាំងដែលអាចប្រើប្រាស់ ជាចំណតត្រឹមត្រូវ (ដោយមានស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្តែតបណ្តោយ ឱ្យមានការចតទោចក្រយានយន្ត និង យានយន្តដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ ដល់ចរាចរណ៍លើផ្លូវសាធារណៈ
-ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈ តាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃ និង លក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋាន ដល់ភ្ញៀវក្នុងការពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍
-ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យបានល្អប្រសើរ
-ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងបណ្តុះបណ្តាលបុគ្គលិក អំពីការទទួលបដិសណ្ឋារកិច្ច និង ជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្ម សេវាកម្មទេសចរណ៍ ព្រមទាំងរៀបចំឱ្យបុគ្គលិកមានឯកសណ្ឋាន ត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ពិសេសស្នើសុំ ឱ្យមានការរំលេចលក្ខណៈជាខ្មែរ
-ត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំ ឱ្យបានញឹកញាប់ និងមានសម្ភារគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ កន្សែងជូតដៃ ក្រដាសជាដើម និងសូមបែងចែក រវាងបន្ទប់ទឹកបុរស-នារី ដើម្បីរក្សាឱ្យមានសុវត្ថិភាព
-ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមផ្សព្វផ្សាយឱ្យបាន សកម្មនូវយុទ្ធនាការក្រោមទិសស្លោកចំនួន៣៖ ទី១ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍” ទី២ “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និងទី៣ “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាម្នាក់”
-ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕
