ព័ត៌មានជាតិ

ទូតតួកគី ចប់អាណត្តិ ចាត់ទុកកម្ពុជា ជាមិត្តអស់មួយជីវិត

ភ្នំពេញ ៖ លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីចប់អាណត្តិនៅកម្ពុជា ចាត់ទុកកម្ពុជាជាមិត្តអស់មួយជីវិត ខណៈពាក្យសំដីនេះ បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ពេញចិត្តជាខ្លាំង។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជាដែលចប់អាណត្តិ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ថា លោកស្រីបានសម្ដែងនូវការជាប់ចិត្តចំពោះប្រជាជនកម្ពុជា ជាពិសេសគឺស្នាមញញឹមរបស់ប្រជាជនកម្ពុជាដែលមិនអាចធ្វើឱ្យលោកស្រីបំភ្លេចបានឡើយ។ លោកស្រីលើកឡើងថា បើទោះបីជាពេលនេះ លោកស្រីផុតអាណត្តិការងារឈប់ធ្វើជាឯករដ្ឋទូតប្រចាំនៅប្រទេសកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែលោកស្រីនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត ។ អ្នកនាំពាក្យគូសបញ្ជាក់ថា នេះជាសារដែលបង្ហាញពីការពេញចិត្តចំពោះប្រទេសកម្ពុជាពីសំណាក់លោកជំទាវឯកអគ្គរដ្ឋទូត ។

ជាកិច្ចឆ្លើយតបសម្ដេចតេជោបានសម្ដែងនូវក្តីពេញចិត្តយ៉ាងក្រៃលែង ចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកជំទាវ ចំពោះការពេញចិត្តប្រជាជនកម្ពុជា ក៏ដូចជាជាប្រទេសកម្ពុជា ។

លោកជា ធីរិទ្ធគូសបញ្ជាក់ថា “សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដោយទាក់ទងទៅនឹងមិត្តភាពរវាងកម្ពុជា និងតួកគីដែលក្នុងនោះសម្ដេចតេជោបានរំលឹកដល់នូវពាក្យដ៏មានអត្ថន័យរបស់លោកជំទាវថាលោកជំទាវនឹងនៅជាមិត្តរបស់កម្ពុជាអស់មួយជីវិតនោះ សម្ដេចតេជោក៏បានផ្ដាំផ្ញើបន្ថែមដល់លោកជំទាវថា ទោះបីជាលោកជំទាវបានត្រឡប់ទៅវិញក៏ពិតមែន តែសូមបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជា នៅក្នុងប្រទេសតួកគី” ។

លោកថា មានន័យថា ស្នើសុំលោកស្រីជួយផ្សព្វផ្សាយពីកម្ពុជាដល់អ្នកវិនិយោគតួកគី ដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជាបន្ថែមទៀត ៕

To Top