សេតវិមានកំពុង ចាប់ផ្តើមដាក់បន្ទុក និងពិន័យទៅលើក្រុម ប្រទេសណាតូ ដែលកន្លងមកមិនបានជួយគាំទ្រ ដល់សង្គ្រាមនៅអ៊ីរ៉ង់់
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះនិងដែលបានដកស្រង់ ចេញពីកាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតី អាមេរិក Donald Trump និងរដ្ឋបាលរបស់លោកកំពុង ពិចារណាផែនការដាក់ ទណ្ឌកម្មសម្ព័ន្ធមិត្តណាតូ មួយចំនួនដែលលោក Trump ជឿថាមិនមានប្រយោជន៍ ចំពោះសង្គ្រាម៣៩ថ្ងៃរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយប្រទេសអ៊ីរ៉ង់។
នៅក្រោមផែនការដែលបានផ្សព្វផ្សាយ និងទទួលបានការគាំទ្រក្នុងចំណោមមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាល Trump ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ទីរបញ្ចកោណ នឹងផ្លាស់ទីទាហានអាមេរិក ចេញពីប្រទេសសមាជិកនៃអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលចាត់ទុកថាមិនមានប្រយោជន៍ដល់ កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់សហរដ្ឋអាមេរិក និងដាក់ឱ្យពួកគេនៅក្នុងប្រទេសដែលចាត់ទុកថាមានការគាំទ្រច្រើនជាងនេះ។
ផែនការនេះក៏អាចពាក់ព័ន្ធនឹងការបិទមូលដ្ឋានទ័ពអាមេរិកនៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបយ៉ាងតិចមួយ អាចជាប្រទេសអេស្ប៉ាញ ឬអាល្លឺម៉ង់ នេះបើយោងតាមរបាយការណ៍ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាល Trump ពីររូប។
ក្រុមមន្ត្រីត្រូវបានដកស្រង់សម្តីថា ប្រទេស ដែលអាចទទួលបានអត្ថប្រយោជន៍ ដោយសារតែពួកគេត្រូវបានចាត់ទុកថា ជាប្រទេសគាំទ្ររួមមាន ប៉ូឡូញ រូម៉ានី លីទុយអានី និងក្រិក។
គួរឲ្យដឹងដែរថាកន្លងមកប្រទេសអេស្ប៉ាញបានរារាំង យន្តហោះអាមេរិក ដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ពីការប្រើប្រាស់ដែនអាកាស របស់ខ្លួនព្រមទាំងបានឆ្លើយឆ្លងនូវពាក្យសំដី ដែលធ្វើឲ្យអាមេរិក មិនសប្បាយចិត្តជាច្រើនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
