សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកការដ្ឋាន សាងសង់គម្រោងគ្រប់គ្រង ធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នាថ្ងៃទី១១ មេសា
តាកែវ ៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូ អន្តរក្រសួង ចុះពិនិត្យការងារ រៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) នឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាគម្រោងយុទ្ធសាស្ត្រដែលមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ៖ ខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងនេះ នឹងក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការ លើកកម្ពស់វិស័យភស្តុភារកម្ម និងការដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែមានភាព ប្រកួតប្រជែង និងឯករាជ្យខ្ពស់៕


