ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ប្តេជ្ញារិះរកយន្តការ ជាក់ស្តែងថ្មីៗ ដើម្បីផលប្រយោជន៍ ជាអតិបរមាជូនប្រជាជន នៃប្រទេសទាំងពីរ

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក ត្រឹន កឹមទូ (Trần Cẩm Tú) សមាជិកការិយាល័យ នយោបាយ និងជាសមាជិកប្រចាំការ នៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងស្មារតីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញមកលើការស្វែងរកយន្តការជាក់ស្តែងរួមថ្មីៗ ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យសម្រេចបានដល់ ២០ពាន់លានដុល្លារ នាពេលខាងមុខ។ បន្ថែមលើនេះ ភាគីថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ និងកម្មវិធីរួមគ្នា ដើម្បីអបអរសាទរ ខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលនឹងឈាន ចូលមកដល់ក្នុងឆ្នាំ២០២៧ ខាងមុខនេះផងដែរ។

សម្តេច ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានចាក់ឫសយ៉ាងជ្រៅ និងមានភាពធន់ ដោយតម្កល់ផលប្រយោជន៍ ប្រជាជនជាស្នូល ។ ជាមួយគ្នានេះ សម្តេច ក៏បានសម្តែងការ អបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាត បក្សកុម្មុយនីស្តវៀតណាម ដែលទើបបញ្ចប់កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ ។

សម្តេច បានកត់សម្គាល់ដោយក្តីរីករាយចំពោះការកើនឡើងនៃតួលេខស្ត្រីក្នុងរដ្ឋសភាវៀតណាមក្នុងនីតិកាលទី១៦នេះ រហូតដល់ជាង ៣៥% ដែលនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើសមភាពយេនឌ័រ។ ជាមួយគ្នានេះ សម្តេចប្រធានបានសង្កតធ្ងន់ថា ក្រោមមគ្គទេសក៍ដឹកនាំរបស់ លោក តូ ឡាំ (Tô Lâm) អគ្គលេខាធិការបក្ស និងជាប្រធានាធិបតី សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងមានសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លា វិវត្តខ្លួនជា “មហាអំណាចកណ្តាល” ដ៏លេចធ្លោ និងឈានទៅសម្រេចបាននូវចក្ខុវិស័យ របស់ខ្លួនកា្លយជាប្រទេស អភិវឌ្ឍន៍នៅឆ្នាំ២០៤៥ ខាងមុខ។

ជាការឆ្លើយតប លោក ត្រឹន កឹមទូ ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វិនិយោគ ទេសចរណ៍ និងការធានាសន្តិសុខតាមព្រំដែន ដោយរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕

To Top