លោក Trump ប្រកាសរារាំងច្រកចេញច្រកសមុទ្រ Hormuz ក្រោយកិច្ចព្រមព្រៀង មិនបានសម្រេចជាមួយនឹងអ៊ីរ៉ង់
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹកអាមេរិកនឹងចាប់ផ្តើមរារាំង នាវាដែលព្យាយាមចូល ឬចាកចេញពីច្រកសមុទ្រ Hormuz បន្ទាប់ពីកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ បរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងរវាងគ្នា។
លោក Trump បាននិយាយនៅក្នុងសារបង្ហោះនៅលើ Truth Social ថា៖មានប្រសិទ្ធភាពភ្លាមៗ កងនាវាចរសហរដ្ឋអាមេរិក ដែលជាកងនាវាចរល្អបំផុតនៅលើពិភពលោកនឹងចាប់ផ្តើមដំណើរការរារាំងនាវាណាមួយ និងទាំងអស់ដែលព្យាយាមចូល ឬចាកចេញ ច្រកសមុទ្រ Hormuz ។
លោក Trump បានបន្តទៀតថា៖ខ្ញុំក៏បានណែនាំកងទ័ពជើងទឹករបស់យើងឱ្យស្វែងរក និងរារាំងរាល់នាវានៅក្នុងដែនទឹកអន្តរជាតិ ដែលបានបង់ថ្លៃសេវាឱ្យប្រទេសអ៊ីរ៉ង់ដោយបន្ថែមថា គ្មាននរណាម្នាក់ដែលបង់ថ្លៃសេវាខុសច្បាប់នឹងមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៅលើសមុទ្រខ្ពស់នោះទេ។
លោកបានបន្ថែមថា៖យើងក៏នឹងចាប់ផ្តើមកម្ទេចមីនដែលជនជាតិអ៊ីរ៉ង់ដាក់នៅច្រកសមុទ្រដែរ។
នៅកិច្ចចរចាសន្តិភាព លោក Trump បាននិយាយថា កិច្ចប្រជុំនេះ ដំណើរការទៅបានល្អ ដោយចំណុចភាគច្រើនបានយល់ព្រម ប៉ុន្តែ ចំណុចតែមួយគត់ដែលពិតជាសំខាន់ គឺនុយក្លេអ៊ែរ។
ការថ្លែងរបស់លោក Trump បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងកាលពីថ្ងៃអាទិត្យ៕
ប្រែសម្រួល៖ស៊ុនលី
