សម្តេចធិបតី ប្តេជ្ញាការពារ និងអភិវឌ្ឍន៍ជាតិ
ភ្នំពេញ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍បញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ។
ក្នុងសារផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរក ភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និង សុខុមាលភាពសង្គម បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈម យ៉ាងណាក៏ដោយ។
សម្តេចធិបតីបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវតែប្រែក្លាយការលំបាកទាំងនេះ ឱ្យទៅជាបទពិសោធន៍ , ប្រែក្លាយការឈឺចាប់ ឱ្យទៅជាថាមពលដ៏រឹងមាំ និង ប្រែក្លាយឧបសគ្គ ឱ្យទៅជាឱកាសដើម្បីជោគជ័យ” ។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងឆ្នាំកន្លងទៅ កម្ពុជាបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក និងថ្មីៗ ជាច្រើនមិនធ្លាប់មានដែលបាននិងកំពុងបង្កើតជាផលប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោលមកលើសន្តិសុខ និងសង្គម-សេដ្ឋកិច្ចជាតិ។
ស្ថិតក្នុងសភាពការណ៍ចំពោះមុខ នៃការប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ ទាំងកត្តាខាងក្រៅ និងកត្តាខាងក្នុង ជាមួយនឹងភាពមិនប្រាកដប្រជា និងហានិភ័យខ្ពស់, ពិភពលោក បាននិងកំពុងរៀនរស់ក្នុងសភាពការណ៍ថ្មី និងកំពុងស្វែងរកប្រក្រតីភាពថ្មី ។ សម្រាប់កម្ពុជា, ជម្រើសដែលប្រសើរបំផុត គឺត្រូវបន្តពង្រឹងខ្លួន ឱ្យកាន់តែរឹងមាំ និងបង្កើនភាពម្ចាស់ការលើមូលដ្ឋានសំខាន់ និងចាំបាច់ ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងបញ្ហា និងវិបត្តិនានាប្រកបដោយភាពធន់៕
