ជនជាតិជប៉ុន សរសេរសារលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ
ប្រទេសជប៉ុន៖ ជនជាតិជប៉ុន បានសរសេរសារលើកទឹកចិត្ត និងសម្តែងនូវសេចក្តីនឹករលឹកជូនដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ ក្នុងអំឡុងពេលដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ នាថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦។

ជនជាតិជប៉ុនដែលបានមកចូលរួមកម្សាន្តក្នុងអំឡុងដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានសរសេរសារលើកទឹកចិត្ត និងសម្តែងនូវសេចក្តីនឹករលឹកជូនដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅសួន Keyaki ទីក្រុងយូគិ ខេត្តអ៊ីបារ៉ាគិ ប្រទេសជប៉ុន ក្រោមអធិបតីភាព លោក ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងបងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី និងពលករសរុបប្រមាណជិត ៥ ០០០នាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋលេខាធិការ បានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក៏ដូចជា លោករដ្ឋមន្ត្រី ហេង សួរ ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុន។

កម្មវិធីសង្ក្រាន្តនេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងតាមទំនៀមទម្លាប់សាសនា រួមមាន ពិធីបង្សុកូល រាប់បាត្រ ស្រង់ព្រះ និងពូនភ្នំខ្សាច់។ ទន្ទឹមនឹងនោះ ក៏មានការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ ដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងជាដើម។

លើសពីនេះ កម្មវិធីក៏បានរៀបចំពិធីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងការបួងសួងសុំសន្តិភាពសម្រាប់មាតុភូមិកម្ពុជា។ ជាមួយគ្នានោះ ក៏មានដាក់ស្តង់ “មូលនិធិជូនដល់វីរកងទ័ព និងប្រជាជនភៀសសឹក” ដើម្បីឱ្យអ្នកចូលរួមអាចសរសេរសារលើកទឹកចិត្ត និងសម្តែងនូវសេចក្តីនឹករលឹកជូនដល់វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។
បន្ថែមពីលើសកម្មភាពកម្សាន្ត ក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារ និងផលិតផលខ្មែរ រួមជាមួយផ្ទាំងទស្សនីយភាពសិល្បៈដូចជា របាំជូនពរ របាំត្រុដិ និងការរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ។ កម្មវិធីនេះសម្រេចទៅបានដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង សមាគមកម្ពុជា-ជប៉ុន គិបូ និងសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំកម្មវិធីសង្ក្រាន្តនៅតាមបណ្តាប្រទេសដែលមានបងប្អូនពលករខ្មែររស់នៅ។ សម្រាប់ឆ្នាំ២០២៦ នេះ ពិធីបុណ្យចូលឆ្នាំត្រូវបានរៀបចំឡើងនៅ ១៣ទីតាំងផ្សេងៗគ្នាទូទាំងប្រទេសជប៉ុន ដែលក្នុងនោះ កម្មវិធីសង្ក្រាន្ដខ្មែរនៅខេត្តអ៊ីបារ៉ាគិ គឺជាព្រឹត្តិការណ៍ដ៏ធំជាងគេបំផុត៕




